ភ្នំពេញ ៖ ជនដៃដល់ម្នាក់ដែលជាប្អូនថ្លៃ បានបាញ់សម្លា ប់បងថ្លៃខ្លួនឯងស្លាប់ក្នុងថ្លុកឈាម រួចជិះម៉ូតូទៅសារភាពប្រាប់សមត្ថកិច្ចដល់ប៉ុស្ដិ៍តាមក្រោយ ។ ករណីឃាតកម្មខាងលើនេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង១០ ប្រមាណជាង៣០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរនិងស្ទុបណូគារ ផ្លូវលំ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ មាស ណារ៉ា អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះ N77H ផ្លូវលំ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ចំណែកឯជនរងគ្រោះឈ្មោះ ជួប រតនា អាយុ៤៦ឆ្នាំ មុខរបរ គ្រូបង្រៀននៅវិទ្យាល័យពងទឹក ស្នាក់នៅកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បន្ទាប់ពីជនដៃដល់ធ្វើសកម្មភាពបាញ់សម្លា ប់បងថ្លៃខ្លួនរួចហើយ ជនដៃដល់បានជិះម៉ូតូទៅសារភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣។ នៅចំពោះសមត្ថកិច្ច ដោយអះអាងថា មូលហេតុដែលខ្លួនបាញ់បងថ្លៃបែបនេះ ព្រោះមានគំនុំពាក្យសម្តីជាង ១០ឆ្នាំមកហើយ និងមានសម្ពាធពីខាងគ្រួសារផងដែរ។

ជនដៃដល់បានប្រាប់សមត្ថកិច្ចថា មុនពេលធ្វើសកម្មភាព រូបគេបានហៅបងថ្លៃទៅហូបស្រាបៀរ និងសង្ឈឹមថា លើកលែងគំនុំក្នុងចិត្ត ប៉ុន្តែបងថ្លៃរូបនោះ នៅតែនិយាយពាក្យសម្តីមិនល្អលើខ្លួនដដែល។ ដោយទ្រាំមិនបាន ជនដៃដល់ក៏ធ្វើសកម្មភាពបាញ់សម្លា ប់បងថ្លៃខ្លួនឯងតែម្តង។

ជនសង្ស័យខាងលើបានសារភាពថា៖ «បាញ់៣ ទៅ៤គ្រាប់... ត្រូវ៣គ្រាប់។ គំនុំជាង១០ឆ្នាំហើយ! គំនុំពាក្យសម្តី ធ្វើអីក៏ខុស និងមានសម្ពាធខាងគ្រួសារខ្លាំង។ ខ្ញុំហៅគាត់ហូបស្រាបៀរ មួយកំប៉ុងទៅ ហើយខ្ញុំថាខ្ញុំលើកលែងឲ្យគាត់។ គាត់នៅតែនិយាយពាក្យមិនល្អ ចំពោះខ្ញុំទៀត»។

ក្រោយពេលចូលសារភាពរួចហើយនោះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើ ទៅកន្លែងធ្វើសកម្មភាពឃាត កម្មដើម្បីស្វែងរកកាំភ្លើងសម្រាប់ធ្វើសម្មភាព។ នៅក្នុងផ្ទះនោះដែរ សមត្ថកិច្ចបានរកឃើញក្រដាស A4 មួយផ្ទាំង ដែលជនសង្ស័យសរសេរជាអក្សរធំៗថា «ធ្វើអ្វីមិនចេះថ្នមដៃ ប្រយ័ត្នផុតលលាដ៍ក្បាល»។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនាំទៅកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ ដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមនីតិវិធី៕



ដោយ៖ ភារ៉ា