ទីបំផុត ! សមត្ថកិច្ច នាំខ្លួនមនុស្ស៦​នាក់ទៅសាកសួរ ពាក់ព័ន្ធនឹងការបាត់ខ្លួននារីជនជាតិអង់គ្លេសនៅកោះរ៉ុង ខេត្តព្រះសីហនុ
ស៊ីហៀង
-

ព្រះសីហនុ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថានៅក្នុងពេលថ្មីៗនេះមាននារីជនជាតិអង់គ្លេស ដែលបានបាត់ខ្លួនមានឈ្មោះ Amelia Bambridge នាងមានអាយុ​២១​ឆ្នាំ មកពីទីក្រុងWorthing (វឺតធីង) នៅភាគខាងលិចនៃទីក្រុង ស៊ូស៊ិក (Sussex) ត្រូវបានគេឃើញចុងក្រោយ នៅក្នុងពិធីជប់លៀង​ឆ្នេរមួយនៅលើកោះរ៉ុង កាលពីថ្ងៃពុធ ហើយបានបាត់ខ្លួន ចាប់ពីវេលាម៉ោងជិត៤ទៀបភ្លឺ ឈានថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ គិតមកទល់ថ្ងៃនេះមានរយៈពេល៦ថ្ងៃហើយ ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ BBC បុរសចំនួន​៦នាក់ ដែលជាអ្នកធ្វើការងារនៅភោជនីយដ្ឋានសណ្ឋាគារ និងផ្ទះសំណាក់នៅលើកោះរ៉ុង កំពុងត្រូវបានសមត្ថកិច្ចកម្ពុជា ធ្វើការសាកសួរ អំពីការបាត់ខ្លួនរបស់​នារី ជនជាតិអង់គ្លេសម្នាក់ នៅកោះរ៉ុង។

គួរបញ្ចាក់ផងដែរថាចំពោះការបាត់ខ្លួននេះ ឪពុករបស់​Amelia Bambridge ក៏បានធ្វើដំណើរមកកាន់កោះនេះ ដើម្បីជួយក្នុងការស្រាវជ្រាវនេះផងដែរ​។ ដោយមានទាហាននិងប៉ូលិសជិត ២០០​នាក់ បាននិងកំពុងតាមរកនាង​។ សូម្បីបងស្រីរបស់ Amelia គឺ Georgie Bambridge ក៏បានប្រាប់ BBC ថា យើងត្រូវរកនាង។​ វាត្រូវតែកើតឡើង។ នាងត្រូវត្រលប់មកផ្ទះវិញ​។

បើតាមលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានមានប្រសាសន៍ថា មិនទាន់មាន​ការចោទប្រកាន់ណាមួយត្រូវបានធ្វើឡើងចំពោះបុរសទាំង​៦ នាក់នោះទេ ប៉ុន្តែសមត្ថកិច្ច បានទទួលកំណត់ហេតុ​ពីភ្ញៀវទេសចរមួយចំនួន ដោយចោទប្រកាន់ថាបុរសទាំងនោះ បានធ្វើទង្វើ​អាក្រក់ដល់ភ្ញៀវទេសចរបរទេសនាពេលកន្លងមក ជាពិសេសគឺស្ត្រីតែម្តង។

ដោយឡែក លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖« យើងបានសម្រេចថា បេសកកម្មស្វែងរកនឹងមិនត្រូវបានបញ្ចប់ទេ រហូតទាល់តែរកឃើញនាងនៅរស់ ឬសាកសពរបស់នាង ប្រសិនបើនាងបានស្លាប់»៕