កំពង់ស្ពឺ៖ កាលពីវេលាម៉ោង០៣ និង២០នាទី សមត្ថកិច្ចចាប់បានជនសង្ស័យចំនួន៣នាក់ ដែលបានយកផ្លែដូងគប់ទៅលើរថយន្ត សណ្តោងរ៉ឺម៉ក់មួយគ្រឿង បែកកញ្ចក់ខ្ទេចផ្នែកខាងមុខ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចបណ្ដោយផ្លូវជាតិលេខ ៣ភូមិក្រាំងលាវ។

ជនបង្កទាំងបីនាក់មានឈ្មោះថា ទី១-ឈ្មោះ ជួន វិន ភេទប្រុស អាយុ ២៣ឆ្នាំ ជាអ្នកបើកម៉ូតូ រស់នៅភូមិឯកភាព ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ទី២-ឈ្មោះ ឡេង ស្រីកា ភេទស្រី អាយុ ១៩ឆ្នាំ អ្នករួមដំណើរ រស់នៅភូមិព្រៃស្តី ឃុំម្លប់ស ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ បច្ចុប្បន្នបំរើការងារពេលរាត្រី នៅហាងខារ៉ាអូខេ យីហោរាត្រីពណ៍ស្វាយ ស្ថិតក្នុងភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ទី៣-ឈ្មោះ ចាន់ លក្ខិណា ភេទស្រី អាយុ ២៣ឆ្នាំ អ្នករួមដំណើរ រស់នៅភូមិព្រៃត្រាង ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត បច្ចុប្បន្នបំរើការងារពេលរាត្រី នៅហាងខារ៉ាអូខេ យីហោ រាត្រីពណ៍ស្វាយ ស្ថិតក្នុងភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកំពង់ស្ពឺ 1K-0404 ។ ចំណែកជនរងគ្រោះមានឈ្មោះថា វ៉ែន វី ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិសេកយៀ ឃុំអង្គត្នោត ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យទាំងបីនាក់នោះ បានយកផ្លែដូងដែលផឹកទឹកអស់គប់លើរថយន្ត សណ្តោងរ៉ឺម៉ក មួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 4A-8899 បែកផ្នែកខាងមុខ។បច្ចុប្បន្នមុខសញ្ញាជនសង្ស័យក្មេងទំនើងប្រុសស្រី ៣នាក់ ត្រូវបានសមត្ថកិច្ចស្រុកបសេដ្ឋសាកសួរនិងកសាងសំណុំរឿងបញ្ជូន ចាត់ការតាមនីតិវិធី៕

