ខេត្តព្រះសីហនុ-(ដំណឹងចុងក្រោយ) មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុអោយដឹងតាមរបាយការណ៍ថា ក្រោយធ្វើកោសល្យវិច្ចយ័ ជំនាញបានបញ្ជាក់ថា នារីជនជាតិអង់គ្លេស គឺស្លាប់ដោយលង់ទឹក មិនមានការពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។

របាយការណ៍ដដែលបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ចជំនាញពាក់ព័ន្ធ បើកកិច្ចប្រតិបត្តិការស្វែងរកស្ត្រីជាភ្ញៀវទេសចរណ៍ឈ្មោះ BAMBRIDGE AMELIA Louise ភេទស្រី សញសញ្ជាតិអង់គ្លេស ឆ្នាំកំណេីត14.07.1998 កាន់លិខិតឆ្លងដែនលេខ531890833 ដែលបានបាត់ខ្លួនកាលពីថ្ងៃទី២៤.១០.២០១៩ នៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុនៅថ្ងៃទី៣១.១០.២០១៩ វេលាម៉ោង១៤:១០នាទី សាកសពត្រូវបានប្រទះឃើញអណ្តែតនៅលើផ្ទៃសមុទ្រ ត្រង់ចំណុចជិតព្រំប្រទល់កម្ពុជានិងថៃស្ថិតក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង មានចម្ងាយប្រហែលជាង៩២គីឡូម៉ែត្រ ទិសដៅខាងលិចឈៀងខាងជើងពីកន្លែងបាត់ខ្លួន ហើយបានធ្វើការពិនិត្យសាកសពនោះពិតជាជនរងគ្រោះដែលបានបាត់ខ្លួនកាលពីថ្ងៃទី២៤.១០.២០១៩ ប្រាកដមែន ។

សាកសពត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែងខេត្តព្រះសីហនុ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជំនាញ ពិនិត្យ និងកោសល្យវិច្ច័យ ជាលទ្ធផលឃើញថា ជនរងគ្រោះស្លាប់ដោយលង់ទឹក មិនមាន ការពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ ។

សាកសពត្រូវបានសមត្ថកិច្ចជំនាញ ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ និងតំណាងកុងស៊ុលអង់គ្លេសប្រចាំកម្ពុជា ដឹកយកទៅរាជធានីភ្នំពេញនៅវេលា ម៉ោង១២:១០នាទី ថ្ងៃទី០១.១១.២០១៩៕