ឯកឧត្តម សាយ សំអាល់ ថ្លែងអំណរគុណចំពោះបងប្អូនកម្មករ និងបុគ្គលិកអនាម័យ ដែលបានខិតខំប្រឹងប្រែង សម្អាតតាមច្រាំងទន្លេ និងសួនច្បារ ចាប់ពីម៉ោង ១២ យប់ រហូលដល់ម៉ោង ៧ ព្រឹក...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុករបស់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានបង្ហោះសារនៅលើបណ្តាញសង្គមថា "តែងតែនៅជាប់ជាមួយប្រជាជន ដើម្បីប្រជាជន និង រួមសុខរួមទុក្ខជាមួយ!

នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានជួបសំណេះសំណាលថ្លែងអំណរគុណចំពោះបងប្អូនកម្មករ និងបុគ្គលិកអនាម័យរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីរួមគ្នាសម្អាតតាមច្រាំងទន្លេ និងតាមសួនច្បារសាធារណៈក្នុងរយៈពេល៣ ថ្ងៃ នៃព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ចាប់ពីម៉ោង ១២ យប់ រហូលដល់ម៉ោង ៧ ព្រឹក។

ឯកឧត្តមប្រធាន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្មករ បុគ្គលិក យុវជនស្ម័គ្រចិត្ត មន្ទីរបរិស្ថានរាជធានីភ្នំពេញ និងពាក់ព័ន្ធទាំងអស់ដែលបានរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការអប់រំផ្សព្វផ្សាយដល់សាធារណៈជន បោសសំអាត និងបានវិចខ្ចប់ទុកដាក់សំរាមបានត្រឹមត្រូវ ដែលបានធ្វើឱ្យពិធីទាំង៣ថ្ងៃបានប្រព្រឹត្ត និងបិទបញ្ចប់ទៅដោយរក្សាបាននូវសោភ័ណ្ឌភាព និងអនាម័យមានលក្ខណៈល្អប្រសើរជាងបណ្តាឆ្នាំកន្លងទៅ ស្របពេលដែលប្រជាពលរដ្ឋកាន់តែមានការយល់ដឹង និងចូលរួមទទួលខុសត្រូវកាន់តែមានលក្ខណៈល្អប្រសើរ ដែលការណ៍នេះបានធ្វើឱ្យទីក្រុងជាបេះដូងរបស់កម្ពុជាយើង កាន់តែមានភាពស្រស់ស្អាត និងទាក់ទាញថែមមួយកម្រិតទៀត៕

ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ