សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះស្ថាបនិកនៃមូលនិធិ មុទិតា ព្រះ​អង្គ​សព្វព្រះហឫទ័យយាង បាននាំយកនូវ​ព្រះ​រាជអំណោយសម្តេច​ព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ទៅជូន...
ស៊ីហៀង
-

នាវេលាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះស្ថាបនិកនៃមូលនិធិ មុទិតា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ព្រះ​អង្គ​សព្វព្រះហឫទ័យយាងដឹកនាំក្រុមការងារនៃមូលនិធិ មុទិតា និងតំណាងក្រុម​ហ៊ុន​ជា​ដៃគូ​សហការ​ បាននាំយកនូវ​ព្រះ​រាជអំណោយសម្តេច​ព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ មានជា អង្ករ​ព្រម​ទាំង​សាប៊ូ​ដុំ​ និងជំនួយ​សប្បុរស​ជនរួមមានជាសម្ភារៈសិក្សា​ជាច្រើន​មុខ និងថវិការ​មួយ​ចំនួន​ ​ ប្រគេន​ ព្រះគ្រូ​ចៅ​អធិការ​ និង​ព្រះ​សង្ឃ​ ព្រម​ទាំង​លោក​គ្រូ​អ្នកគ្រូ​ សិស្សានុសិស្ស​ ​ស្ថិត​ក្នុង​​បរិវេណវត្ត ព្រះពុទ្ធអង្គគង់បល្ល័ង្កផ្កាឈូក ក្នុងភូមិ ទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ឆ្លៀត​ក្នុង​ឱកាស​នោះដែរ​សម្តេច​ព្រះស្ថាបនិក​ និង​តំណាង​ក្រុមហ៊ុន​ជា​ដៃគូ​ បានមាន​ព្រះបន្ទូល​ និងមតិ​សំណេះសំណាល​សួរ​សុខទុក្ខ​ និង​បង្រៀន​ការប្រើប្រាស់​ព្រះរាជ​សព្ទ​ខ្លីៗ​ វប្បធម៌​ និង​ភាសា​កូរ៉េខ្លះៗដល់​​ក្មួយៗ​សិស្សានុសិស្ស​នៅទីនោះផងដែរ។ 

ក្រោយ​បញ្ចប់​កម្មវិធី​សម្តេច​ព្រះស្ថាបនិក​ បាន​នាំ​តំណាង​ដៃគូ​សហការ​ ចូលទៅ​ក្រាប​ថ្វាយបង្គំ​ព្រះ​បរម​អដ្ឋិ​ ព្រះ​ករុណា​ព្រះ​បរម​រតនកោដ្ឋ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ និង​ទស្សនា​សមិទ្ធផល​នានា​ដែលមូលធិនិ​ បាន​កសាង​កន្លងមក និង​ប៉ុស្តិ៍​សុខភាព​សម្តេច​ព្រះ​មហា​សង្ឃរាជ​ ប៊ួរ​ គ្រី​ ស្ថិត​ក្នុង​វត្ត​ព្រះឥន្ទ្រ​សាមគ្គី​ធម៌​ ភូមិ​ត្រពាំង​ក្រពើ​ ឃុំ​ក្រាំង​ម្កាក់​ ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល​ ព្រម​ទាំងបាន​ប្រគេន​ថវិកា​ ៣០០ដុល្លារ​សហរដ្ឋអាមេរិក​ ក្នុង​ឱកាស​អបអរ​សាទរ​ខួប​ទី២៨​ នៃ​ការ​រស់ឡេីងវិញនៃ​ គណៈធម្មយុត្តិកនិកាយ​ ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ផងដែរ៕

ប្រភព៖ Norodom Arunrasmy