កីឡាករ កែវ សុខផែង បង្ហោះសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ដែលបានលើកចិត្តដល់ខ្លួន...
ស៊ីហៀង
-

ភ្នំពេញ៖ កីឡាករខ្សែប្រយុទ្ធពាក់លេខ១៤ របស់ក្រុមជម្រើសជាតិកម្ពុជា លោក កែវ សុខផេង បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលបានផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តខ្លួនកុំឱ្យបាក់ទឹកចិត្តចំពោះការទាត់បាល់១១ម៉ែត្រមិនចូល។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Rizal Memorial ដែលស្ថិតក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីននារសៀលថ្ងៃអង្គារ ទី១០ ខែធ្នូនេះ កម្ពុជាបានបើកការនាំមុខ ១-០ ត្រឹមចាប់ផ្តើមលេងបានតែ ១៨វិនាទីប៉ុណ្ណោះដោយកីឡាករ សៀង ចន្ធា មុនពេលកីឡាករ កែវ សុខផេង ពាក់លេខ១៤ ជួយឲ្យកម្ពុជាតាមស្មើ ២-២ នៅនាទីទី៧២ ដោយបាល់ហ្វ្រីឃីក មុនពេលឈានដល់កាត់ទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ១១ម៉ែត្រ ក្នុង ១ក្រុម ទាត់ ៥នាក់ ដោយសម្រេចជាលទ្ធផល កម្ពុជា ទាត់ចូល ៤គ្រាប់ ជាមួយនឹងគ្រាប់ទី៥ កាត់សេចក្តី កែវ សុខផេង ទាត់អត់ចូល គ្រាដែល U22 មីយ៉ាន់ម៉ា នាំមុខ ៥គ្រាប់មុនទៅហើយនោះ។ 

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់កីឡាករ កែវ សុខផែង បានបង្ហោះសារថា "ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលសម្រាប់ប្រសាសន៍ដ៏មានន័យនេះ។

ឆ្លៀតឱកាសនេះ ខ្ញុំបាទ ក៏សូមថ្លែងអំណរគុណផងដែរចំពោះបងប្អូនទាំងអស់ដែលបានលើកទឹកចិត្ត និងគាំទ្ររូបខ្ញុំ ព្រមទាំងក្រុមជម្រើសជាតិយើង!

សូមមេត្តាអភ័យទោសរាល់កំហុសឆ្គងនានា ហើយខ្ញុំនឹងយកបទពិសោធន៍ទាំងនេះធ្វើជាមេរៀនសម្រាប់អាជីពរបស់ខ្ញុំនាពេលអនាគត។ដោយក្តីគោរពស្រលាញ់!"៕

ប្រភព៖ Keo Sokpheng - កែវ សុខផេង