ស្រ្តីមេផ្ទះគ្រប់រូបគួរប្រុងប្រយ័ត្ន...មន្ត្រីជំនាញបានរកឃើញ ម្សៅបំពង ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ២១កញ្ចប់...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុក អគ្គនាយកដ្ឋានកាំកុងត្រូល បានបង្ហោះសារថា នៅថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខារាជធានីភ្នំពេញ ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បាននាំយករថយន្តពិសោធន៏ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ចុះមកពិនិត្យគុណភាព សុវត្ថិភាពចំណីអាហារ នៅផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារចំនួន ៤៤ គំរូ ដូចជា៖ បន្លែច្រើនប្រភេទ ជើងមាន់ក្លាសេ គ្រឿងសមុទ្រក្លាសេ ប្រហិតសាច់ សាច់ក្រក ប្រហុក សរសៃគុយទាវ លត ទឹកម្ទេស និងផ្លែឈើជាដើម ។ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

* ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ ម្សៅបំពង ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ២១កញ្ចប់។

បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកមកធ្វើការកម្ទេចចោលភ្លាមៗនៅនឹងកន្លែង។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល