ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងថា ជនបរទេស ម្នាក់ដែលបានបង្ហោះវិដេអូ នៅកន្លែងមួយចំនួន មកបង្ហោះក្នុងន័យបំភ័យភ្ញៀវទេសចរ មិនឲ្យមកលេងកម្ពុជា ដែលធ្វើឲ្យប៉ះពាល់កិតិ្តយស និងគោលដៅទេសចរណ៍កម្ពុជា។

លោកបានថ្លែងថា ជនបរទេសរូបនេះ មានឈ្មោះនៅក្នុងប្រព័ន្ធ YouTube ឈ្មោះថា «James FT» ដោយបានថតវីដេអូនៅកន្លែងមួយចំនួន របស់កម្ពុជា បង្ហោះក្នុងន័យបំភ័យភ្ញៀវទេសចរ មិនឲ្យមកលេងកម្ពុជា ដោយរូបគេក៏បាននិយាយក្នុងវីដេអូនោះ ពាក់ព័ន្ធនឹងកិតិ្តយស និងគោលដៅទេសចរណ៍កម្ពុជា ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានប្រាប់ឲ្យដឹងថា "យើងបានស្រាវជ្រាវស្គាល់អត្តសញ្ញាណហើយ ចូលមកតាំងពីខែកក្កដាមកម្ល៉េះ។ យើងបានដាក់ចេញវិធានការ និងសុំគោលការណ៍ពី សម្តេចក្រឡាហោម ហើយសម្តេចបានសម្រេចដាក់នៅក្នុងបញ្ជីហាមឃាត់ជាស្ថាពរចូលមកកម្ពុជាទៀតទេ"។

សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ មានជនបរទេសម្នាក់ ដែលអះអាងថា ជាជនជាតិអ៊ីរ៉ង់ រស់នៅប្រទេសហូឡង់ មាន YouTube ឈ្មោះថា «James FT» បានថតវីដេអូនៅកន្លែងមួយចំនួន របស់កម្ពុជា បង្ហោះក្នុងន័យបំភ័យភ្ញៀវទេសចរ មិនឲ្យមកលេងកម្ពុជា ដោយរូបគេក៏បាននិយាយក្នុងវីដេអូនោះ ពាក់ព័ន្ធនឹងកិតិ្តយស និងគោលដៅទេសចរណ៍កម្ពុជា ។

បន្ទាប់ពីមានការបង្ហោះនេះ ទាំងវិស័យឯកជនផ្នែកទេសចរណ៍ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ បានប្រតិកម្មថ្កោលទោស ចំពោះទង្វើដ៏គម្រក់នេះ និងស្នើឲ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់ចំពោះជនបរទេសរូបនោះផងដែរ៕
ប្រភព៖ ក្រសួងទេសចរណ៍