អាជ្ញាធរចិននៅក្នុងទីក្រុងវូហាន ចាត់វិធានការភ្លាមៗ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាថ្មី...
ស៊ីហៀង
-

វូហាន៖នៅថ្ងៃទី២៣​ ខែមករា ឆ្នាំ២០២០នេះ អាជ្ញាធរចិននៅក្នុងទីក្រុងវូហាន (Wuhan) បានចាត់វិធានការភ្លាមៗ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាថ្មី (coronavirus) ។ នេះបើតាមការផ្សាយ របស់ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ។

អាជ្ញាធរក្នុងទីក្រុង វូហាន ចាប់ពីម៉ោង១០និង០០នាទីព្រឹកនេះ រាល់សេវាដឹកជញ្ជូនសាធារណៈទាំងអស់ រួមមាន រថយន្ដក្រុង រថភ្លើងក្រោមដី សាឡង់ ឬទូកដឹកអ្នកដំណើរ នឹងត្រូវបានផ្អាកជាបណ្ដោះអាសន្ន ខណៈច្រកចេញចូលនៅឯអាកាសយានដ្ឋាន និងស្ថានីយរថភ្លើងក្នុងទីក្រុងវូហាន ក៏ត្រូវបានបិទទ្វារផងដែរ រហូតដល់មានការជូនដំណឹងជាថ្មី។

ប្រជាជនក្នុងទីក្រុងវូហានមិនអាចចាកចេញទៅណាបាននោះទេ បើគ្មានហេតុផល ឬការអនុញ្ញាតពិសេស ហើយប្រជាជនទាំងអស់ តម្រូវឱ្យពាក់ម៉ាស់នៅតាមទីសាធារណៈ។

គួរបញ្ជាក់ផងដែរថា​ ចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មី នៅក្នុងប្រទេសចិនបានកើន ៥១៧នាក់ និង ១៧នាក់បានស្លា ប់ នៅទូទាំងខេត្ត-ក្រុងចំនួន ២៥ ហើយក្រៅតែពីចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងថៃ ក៏មានករណីឆ្លងវីរុសនេះដែរ។ វីរុសផ្លូវដង្ហើមថ្មី ត្រូវបានអាជ្ញាធរចិនប្រកាសពីការរកឃើញ ដំបូងបំផុតកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ហើយប្រភពដើម្បីបំផុតនៃការកកើតវីរុស ដែលធ្វើឲ្យប្រព័ន្ធផ្លូវដង្ហើម (សួត) ចុះទន់ខ្សោយខ្លាំងនេះ ត្រូវបានក្រុមជំនាញវេជ្ជសាស្ត្រចិនសង្ស័យថា បានកកើតឡើងនៅក្នុងទីផ្សារលក់គ្រឿងសមុទ្រ ដ៏ល្បីល្បាញមួយប្រចាំទីក្រុង ហើយផ្សារនោះក៏ត្រូវបានបិទទ្វាររួចទៅហើយដែរ៕

ប្រភព៖ Fresh News