បងប្អូនច្បាស់ជាបានជ្រាបហើយថា គ្រួសារបរទេសមួយដែលបានបង្កើតគម្រោងអភិរក្ស និងតំបន់អេកូទេសចរណ៍នៅដែនជម្រកសត្វព្រៃភ្នំត្នោតកំពុងតែមានការនឿយចិត្តយ៉ាងខ្លាំង ជាមួយនិងការ ការពារសត្វព្រៃនៅក្នុងតំបន់អភិរក្សដែលកំពុងប្រឈមនឹងការកាប់ទន្ទ្រានយកដីពីសំណាក់ជនខិលខូចមួយចំនួន ដែលកាប់បំផ្លាញព្រៃឈើនិងដុតព្រៃជាដើម។

ហើយនៅកាលពីម្សិលមិញនេះដែរគណនីហ្វេសប៊ុក លោក តាន់ គឹមសួរ បានធ្វើការបង្ហោះរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ អរគុណដែលខំប្រឹងដុត អរគុណដែលខំប្រឹងកាប់ទន្ទ្រាន អរគុណដែលអាជ្ញាធររុញច្រានបញ្ហាទាំងនេះដាក់គ្នាដោយគ្មានអ្នកណាទទួលខុសត្រូវ អរគុណគ្រប់យ៉ាងដែលបានផ្តល់ឲ្យភ្នំត្នោត អរគុណដែលទម្លាក់បន្ទុកមួយនេះដាក់មកលើជនបរទេសម្នាក់នេះ។ បេនអើយ ទៅស្រុកលោកវិញទៅ! លោកតែឯងការពារមិនឈ្នះទេ បន្ទុកនេះធ្ងន់ពេកហើយ ហើយគ្មានអ្នកណារវល់ជាមួយលោកទេ ប្រយ័ត្នសូម្បីតែអាយុជិវិតក៏រក្សាមិនបាន នាំប្រពន្ធកូនត្រឡប់ទៅស្រុកវិញទៅ!!! ខ្ញុំហត់ជំនួសលោកណាស់ ។

បន្ទាប់មកនៅមុននេះបន្តិចលោក តាន់ គឹមសួរ ក៏បានបង្ហោះសារបន្ថែមទៀតថា ៖ បេននិងក្រុមគ្រួសារបានផ្តាំផ្ញើតាមរយៈខ្ញុំទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថាកុំឲ្យព្រួយបារម្ភពីពួកគាត់អី ហើយពួកគាត់ពីជារំភើបចិត្តនិងមានកំលាំងចិត្តជាខ្លាំងចំពោះការយកចិត្តទុកដាក់និងខ្វាយខ្វល់របស់ពុកម៉ែបងប្អូនទាំងអស់គ្នា អរគុណដែលមិនទុកពួកគាត់ចោល??? បើទំនេរ សំណូមពរពុកម៉ែបងប្អូនអញ្ជើញទៅសួសុខទុក្ខនិងផ្តល់កំលាំងចិត្តដល់ពួកគាត់ដោផ្ទាល់ផង??? ៕




