ប្រទេសអូស្ត្រាលីហាមឃាត់អ្នកដំណើរពីប្រទេសចិន កូរ៉េខាងត្បូង និង អ៊ីរ៉ង់ មិនឲ្យចូលមកក្នុងប្រទេសរបស់ខ្លួន
ស៊ីហៀង
-

(ទីក្រុងកង់ប៉េរ៉ាទី ៥)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោកម៉ូរីសុន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថាដើម្បីឆ្លើយតបទៅនឹងការរាតត្បាតជំងឺរលាកសួតថ្មីនេះរដ្ឋាភិបាលសហព័ន្ធ បានសម្រេចពង្រីកសុពលភាពនៃបទបញ្ជាប្រឆាំងនឹងប្រទេសចិននិងអ៊ីរ៉ង់រហូតដល់ថ្ងៃសៅរ៍ក្រោយ (១៤ មីនា) និងពង្រីកវិសាលភាពនៃការហាមឃាត់ទៅប្រទេសកូរ៉េផងដែរ។លោកបានមានប្រសាសន៍ថារដ្ឋាភិបាលក៏នឹងបង្កើនការងារត្រួតពិនិត្យដាច់ដោយឡែកពីគ្នាពីកន្លែងមួយទៅកន្លែងមួយ សម្រាប់ភ្ញៀវទេសចរមកពីប្រទេសអ៊ីតាលីផងដែរ។

រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសកាលពីខែមុនថាជនបរទេសទាំងអស់ដែលបានមកលេងប្រទេសចិនក្នុងរយៈពេល ១៤ ថ្ងៃកន្លងមកនេះត្រូវបានហាមឃាត់មិនឱ្យចូលប្រទេស។

ពលរដ្ឋអូស្រ្តាលីនិងអ្នករស់នៅអចិន្រ្តៃយ៍អាចចូលក្នុងប្រទេសបាន ប៉ុន្តែពួកគេត្រូវការដាក់ឲ្យនៅដាច់ដោយឡែកពីគ្នារយះពេលជាពីរសប្តាហ៍។ការហាមឃាត់ត្រូវបានពង្រីកបន្ថែមជាច្រើនលើកនៅក្នុងប្រទេស ហើយប្រទេសអូស្ដ្រាលីបានពង្រឹងនៃការហាមឃាត់នេះទៅអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍សប្តាហ៍មុនផងដែរ។

លោក ម៉ូរីសុន បាននិយាយថាការហាមឃាត់នឹងត្រូវបានពន្យារពេលមួយសប្តាហ៍ទៀត ហើយជនបរទេសដែលបានមកលេងប្រទេសកូរ៉េខាងត្បូងនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលមកក្នុងប្រទេសរបស់ខ្លួននោះឡើយ។ លោកបាននិយាយថារដ្ឋាភិបាលក៏នឹងពង្រឹងការដាក់ឱ្យនៅដាច់ដោយឡែកឆ្ងាយពីមនុស្សដែលចូលមកពីប្រទេសអ៊ីតាលី ហើយអ្នកទាំងនោះត្រូវតែឆ្លងកាត់ការធ្វើតេស្ដក្នុងការស្វែងរកវីរុសនេះជាមុនសិន មុននឹងពួកគេ ឡើងជិះយន្តហោះ។ ប្រសិនបើអ្នកដំណើរមិនស្រួលអំឡុងពេលហោះហើរបុគ្គលិកពេទ្យនឹងឡើងយន្តហោះភ្លាមៗបន្ទាប់ពីចុះចត បន្ទាប់ពីអ្នកដំណើរទៅដល់ពួកគេនឹងត្រូវពិនិត្យសុខភាពនិងវាស់សីតុណ្ហភាពផងដែរ។

មនុស្សសរុបចំនួន ៥៣ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យហើយ ២ នាក់បានស្លាប់នៅក្នុងប្រទេសអូស្ត្រាលីគិតត្រឹមថ្ងៃព្រហស្បតិ៍។ លោកម៉ូរីសុន បានសង្កត់ធ្ងន់ថាការហាមឃាត់នេះគឺដើម្បីការពារជាតិនិងបន្ថយការរីករាលដាលនៃជំងឺរាតត្បាតនេះនិងអំពាវនាវឱ្យសាធារណជនស្ងប់ចិត្តនិងអនុវត្តតាមសេចក្ដីណែនាំពីមន្ទីរសុខាភិបាល។

ជំងឺរលាកសួតថ្មីនេះ កំពុងតែបង្កឲ្យមានភាពរញ៉េរញ៉ៃ ភាពស្លន់ស្លោទូទាំងពិភពលោក។ នៅក្នុងផ្សារទំនើបមួយក្នុងទីក្រុងស៊ីដនី ស្ត្រីម្នាក់បានយកក្រដាសបង្គន់យ៉ាងប្រញាប់ កាលពីថ្ងៃពុធ ។

ប៉ូលីសបានទៅដល់កន្លែងកើតហេតុ ហើយបាននិយាយថាស្ត្រីដែលពាក់ព័ន្ធនោះគឺជាមនុស្សថ្លង់ ដោយត្រូវបានគេ យល់ច្រលំទៅលើនាង និងមិនមានភុស្ដតាងណាមួយចំពោះករណីនេះមកលើនាងដូច្នេះនាងមិនត្រូវបានគេផ្ដន្ទាទោសនោះទេ។

រោងចក្រ Kimberly-Clark ដែលជាក្រុមហ៊ុនផលិតក្រដាសបង្គន់ក្នុងស្រុកធំជាងគេនៅឆ្នេរសមុទ្រ Southampton នៃប្រទេសអូស្ត្រាលីខាងត្បូងបានចាប់ផ្តើមដំណើរការអស់រយៈពេល ២៤ ម៉ោងក្នុងមួយថ្ងៃៗ ហើយវាត្រូវបានគេរំពឹងថានឹងបង្កើនទិន្នផលដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារភ្លាមៗ។

ប្រភព orientaldaily

សម្រួលអត្ថបទដោយ៖ Soeur sophea