ថៅកែហាងពេជ្រ និងមាស ដ៏ល្បីល្បាញនៅស្ពានព្រែកព្នៅ ដែលពុកម៉ែបងប្អូនជាច្រើន បានស្គាល់ គឺអ្នកនាង ទ្រី ដាណា ស្រ្តីម្នាក់ ដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលបានការកោតសរសើរ ការស្រលាញ់ជាខ្លាំងពីសំណាក់មហាជន។

ដោយឡែកនៅមុននេះបន្តិច អ្នកនាង បានបង្ហោះសារយ៉ាងវែងថា "ថ្ងៃនេះ ចេញទៅក្រៅស្រូបខ្យល់អាកាសធម្មជាតិតិច និយាយពីថាស្រស់ស្រាយណាស់ណប់ៗអើយ។ តែឃើញឈើគេទុកធ្វើអុសក្រោយខ្នងនេះ ក៏ចេះតែនឹកថា ពេលគេទុកចោលចឹង ម្នាក់ៗគ្មានយកភ្នែកមើលសោះ គិតថាជារបស់គ្មានតម្លៃ សង្ស័យយកជើងទៅជាន់លេងទៀត។ ស្រួលមិនស្រួល គេលើកមកឱ្យ មិនព្រមយកផង មិនដឹងយកទៅធ្វើអី?

តែបើឧបមាថា គេយកឈើនេះមួយដុំ ទៅដាក់ក្នុងទូកញ្ចក់ តាំងនៅកណ្ដាលអូតែល ឬដាក់តាំងនៅកណ្ដាលសារមន្ទីរ គ្រប់គ្នាប្រាកដជាទៅមើលដោយបើកភ្នែកធំៗ ហើយនាំគ្នាគិតក្នុងចិត្ត ឈើនេះជាឈើដ៏ប្រណីត ជាឈើមានតម្លៃមិនអាចកាត់ថ្លៃបាន ទើបគេយកមកតាំង។ បើគេថាប្រគល់ឱ្យវិញ ប្រហែលរៀបចំទុកដាក់យ៉ាងត្រឹមត្រូវ ទៅតាំងនៅទូកញ្ចក់នៅផ្ទះទៀត។

ហើយចឹងបានចង់សួរថា តម្លៃវានៅត្រង់ណា? តាមពិត តម្លៃរបស់មួយ វាកំណត់បានទៅតាមពេល ទីកន្លែង ហើយនិងអ្នកផ្ដល់តម្លៃតើ។ ដូចអុសនេះចឹង បើវានៅលើដី គឺវាគ្រាន់តែជាអុស មិនសូវមានតម្លៃចឹង តែបើគេយកទៅតាំង គេក៏គិតថាវាជាឈើមានតម្លៃ។ គ្រាប់ពេជ្រក៏ចឹងដែរ វាមានតម្លៃមកពីវាកម្រ វាខុសពីគេ វាមានតិច តែបើថាឱ្យមានប្រយោជន៍វិញ ចាញ់បាយអង្ករ ដែលគេយកទៅដាំបាយកើត។ ហ៊ានតែដាច់បាយមែនទែនមើល បើមិនយក មាស ពេជ្រ ទៅដូរបាយ ចម្អែតក្រពះសិន។

វាមិនខុសអីពីមនុស្សទេ ពេលខ្លះយើងមិនស្គាល់តម្លៃខ្លួនឯង ឬគេមិនផ្ដល់តម្លៃដល់យើង មកពីយើងនៅខុសកន្លែង ឬនៅជាមួយអ្នកមិនឱ្យតម្លៃ។ កន្លែងណា គេមិនផ្ដល់តម្លៃឱ្យយើង យើងចាកចេញទៅ កុំនៅធ្វើត្រឹមជាអុសដែលគេជាន់លេង តែត្រូវទៅរកកន្លែងណា ដែលយើងអាចធ្វើជាប្រណីត គេប្រើការ គេដាក់តាំង គេអាចទាញប្រយោជន៍បាន។

ពេលខ្លះ មកពីយើងចង់នៅត្រឹមជាអុស មិនព្រមទៅណា ទើបយើងមានតម្លៃត្រឹមប៉ុណ្ណឹង។ ជាមនុស្ស ត្រូវហាត់ពត់ កែច្នៃ ព្យាយាមប្រឹងប្រែងជានិច្ច។ ត្រូវធ្វើអ្វីដែលអ្នកដទៃអាចធ្វើបាន ហើយរៀនឱ្យចេះពីអ្វីដែលដទៃមាន នោះអ្នកមានតម្លៃលើសពីអុស ហើយក្លាយជាឈើមានតម្លៃ ដែលគ្រប់គ្នាប្រាថ្នាចង់បាន។ ??

ប៉ុន្មានថ្ងៃនេះ ដាណា ដ្រាម៉ាច្រើនតិចហើយ ព្រោះតែរឿងកូរ៉ូណា មិនដឹងទៅណា ចេះតែនឹកឃើញសរសេរទៅ???"។

















ប្រភព៖ ទ្រី ដាណា Dana Try