ចូលរួមត្រេកអរផង...បុរសអាយុ៣៨ឆ្នាំម្នាក់ នៅខេត្តសៀមរាប ដែលឆ្លងជំងឺកូវីដពីជនជាតិជប៉ុន ពេលនេះ បានជាសះស្បើយ និងអនុញ្ញាតអោយចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ...
ស៊ីហៀង
-

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួនតែ០៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់១០៧នាក់ ខណៈមានអ្នកជាសះស្បើយថ្មីពីជំងឺកូវីដ១៩ចំនួន ២នាក់ សរុបកើនដល់២៣នាក់ ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់រដ្ឋបាលខេត្តសៀមរាប បានបង្ហោះសារ "អបអរសាទរ បុរសអាយុ៣៨ ឆ្នាំនៅខេត្តសៀមរាប ដែលឆ្លងជំងឺកូវីដពីជនជាតិជប៉ុន បានជាសះស្បើយ និងអនុញ្ញាតអោយចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ

កាលពីព្រឹកថ្ងៃទី៣០ ខែមីនាឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មាន អំពីស្ថានជំងឺកូវីដ១៩ ដោយក្នុងនោះ បានបញ្ជាក់ថា បុរសជនជាតិខ្មែរអាយុ៣៨ ឆ្នាំដែលបានឆ្លងជម្ងឺកូវីដ ពីជនជាតិជប៉ុន បានជាសះស្បើយ និងបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅថ្ងៃនេះផងដែរ។

ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ ខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូពេទ្យបង្អែកខេត្តសៀមរាប បានខិតខំយកចិត្តទុកដាក់ក្នុងការព្យាបាលអ្នកជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកជាពិសេសអ្នកជំងឺដែលផ្ទុកវីរុសកូវីដ១៩។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាជន ជឿជាក់ទៅលើព័ត៌មានផ្លូវការដែលចេញដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងករណីសង្ស័យ ឬព័ត៌មានពាក់ព័ន្ធជំងឺកូវីដ សូមទំនាក់ទំនងតាមរយៈលេខ១១៥"។

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប