ព្រះចៅអធិការវត្តព្រៃជាំ បានអនុញ្ញាតយល់ព្រមផ្តល់ដីរបស់វត្តទំហំជិត១ហិកតា ជូនដល់រដ្ឋបាលស្រុកដើម្បីជីកស្រះខ្នាតធំមួយ ទុកជាប្រយោជន៍រួមដល់អ្នកភូមិ....
ស៊ីហៀង
-

ព្រះចៅអធិការវត្តព្រៃជាំ ដែលជាវត្តតែមួយគត់នៅក្នុងភូមិត្រពាំងថ្ម បានអនុញ្ញាតយល់ព្រមផ្តល់ដីរបស់វត្តទំហំជិត១ហិកតា ជូនដល់រដ្ឋបាលស្រុកដើម្បីជីកស្រះខ្នាតធំមួយ ទុកជាប្រយោជន៍រួមដល់អ្នកភូមិ និងដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ធ្ងន់ធ្ងរ ដែលតែងតែជួបប្រទះនៅរៀងរាល់រដូវប្រាំង។

អភិបាល​ស្រុក​បន្ទាយ​ស្រី​ លោក​ ឃឹម​ហ្វីណង់​ អោយដឹងថា​: ខ្ញុំពិតជាមានការរំភើបចិត្តជំនួសអ្នកភូមិត្រពាំងថ្ម និងដឹងគុណយ៉ាងខ្លាំង ដែលព្រះចៅអធិការបានមើលឃើញពីការលំបាករបស់អ្នកភូមិ ហើយយល់ព្រមឯកភាពតាមការពិតស្នើសុំរបស់រដ្ឋបាលស្រុក និងសុខចិត្តលះបង់ដីរបស់វត្តដើម្បីជាប្រយោជន៍រួមមួយនេះ។

ស្រះដ៏ធំមួយនេះ យ៉ាងហោចណាស់ក៏នឹងជួយដល់ដោះស្រាយបញ្ហាប្រឈមមុខភ្លាមៗជូនអ្នកភូមិមួយកម្រិតដែរ ព្រោះបច្ចុប្បន្ននេះ នៅក្នុងភូមិមានតែស្រះតូចៗ មិនត្រូវស្តង់ដា ទឹកមិនថ្លា និងមិនទាន់បំពេញតម្រូវការប្រើប្រាស់អោយបានទូលំទូលាយនៅឡើយទេ។ រដ្ឋបាលស្រុកនឹងធ្វើការសិក្សាលម្អិតពីទំហំ ជំរៅ និងស្តង់ដាបច្ចេកទេស ជាពិសេសកំណត់ពីតម្រូវការថវិកានិងចំណាយសរុប ដើម្បីធ្វើការកៀងគររកការឧបត្ថម្ភនានា និងធ្វើយ៉ាងណាអោយស្រះនេះអាចមានទឹកថ្លា ប្រើប្រាស់បានគ្រប់គ្រាន់ទាំងបរិមាណនិងគុណភាពទឹក និងមាននិរន្តភាពយូរអង្វែង។ ក្រុមការងារនឹងធ្វើការងារនេះអោយបានរួសរាន់ជាទីបំផុត មុនពេលធ្លាក់ភ្លៀងខ្លាំងដែលនឹងនាំអោយរំខានដល់ការជីកដី និងដើម្បីសន្សំទឹកភ្លៀងទុកអោយបានច្រើន។

រដ្ឋបាលស្រុកប្តេជ្ញានឹងបន្តស្វែងរកដំណោះស្រាយអចិន្ត្រៃយ៍លើបញ្ហាខ្វះខាតទឹកក៏ដូចជាបញ្ហាប្រឈមផ្សេងៗទៀតនៅក្នុងភូមិ ដើម្បីផ្លាស់ប្តូរវាសនាភូមិដែលក្រីក្រជាងគេមួយនេះ បង្កភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ និងផ្តល់ឱកាសសេដ្ឋកិច្ចទៅដល់អ្នកភូមិ អោយបានប្រហាក់ប្រហែលគ្នាទៅនឹងភូមិផ្សេងនៅក្នុងតំបន់ដទៃទៀតផងដែរ៕