ភ្នំពេញ ៖ ក្រុមហ៊ុន Fun Entertainment ត្រូវបានបង្កើតឡើងនាដើមឆ្នាំ២០២០ ក្នុងគោលបំណងបណ្តុះបណ្តាលយុវជន យុវនារីគ្រប់រូប ដែលមានទេពកោសល្យ និងក្តីស្រម៉ៃក្លាយខ្លួនជាសិល្បករសិល្បការិនី និងជាបុគ្គលដែលមានជំនាញ និងទេពកោសល្យច្បាស់លាស់ ដើម្បីទទួលបាននូវឱកាសបញ្ចេញសមត្ថភាពរបស់ខ្លួន និងរួមចំណែកក្នុងការផ្សព្វផ្សាយ អរិយធម៌ វប្បធម៌ រួមទាំងវិស័យទេសចរណ៏ជាតិឲ្យកាន់តែរីកសុះសាយ ទាំងថ្នាក់ជាតិនិងអន្តជាតិ ។

យ៉ាងណាមិញបើក្រលេកទៅមើល កុមារា ធុច សាឡិ ដែលចេះនិយាយភាសាបរទេសរហូតដល់ទៅ ១៥ភាសានោះ នៅតែធ្វើពិភពលោកមានការចាប់អារម្មណ៍លើរូបគេដដែល បើទោះបីជារូបគេបានទៅសិក្សារៀនសូត្រដល់ប្រទេសចិនយ៉ាងណាក៏ដោយ ប៉ុន្តែរូបគេ នៅតែខ្លាំង ដោយត្រូវបានគេចាត់ទុកថា ជាសិស្សពូកែប្រចាំសាលាផងដែរ ។

ជាក់ស្តែងនៅកាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានមានការភ្ញាក់ផ្អើលមួយដោយក្រុមហ៊ុន FUN Entertainment បានធ្វើកម្មវិធីសន្និសិទ សារព័ត៌មាន ក្នុងការបង្ហាញជាផ្លូវការរបស់ យុវសិស្ស ធុច សាឡិ ដែលបានក្លាយជាទៅ យុវជនសុឆន្ទៈកម្ពុជា ក្នុងការរួមចំណែក ចែករំលែក វប្បធម៌កម្ពុជា-ចិនដោយក្រុមហ៊ុន FUN Entertainment។

ក្នុងនោះដែរ អ្នកនាង សំណាង ពុទ្ធានី ដែលជាតំណាងក្រុមហ៊ុន Fun Entertainment បានមានប្រសាសន៍ ថា៖ “គោលបំណងក្នុងការធ្វើសន្និសីទកាសែតនេះ គឺដើម្បីបង្ហាញឲ្យឃើញថា ក្រុមហ៊ុន FUN គាំទ្រគ្រប់សកម្មភាព និងចង់លើកទឹកចិត្តដល់ យុវសិស្ស ធុធ សាឡិ ដែលប្អូនបានទទួលនូវអាហារូបករណ៍ទៅសិក្សារនៅប្រទេសចិន រហូតដល់ចប់ថ្នាក់សាកលវិទ្យាល័យ។

អ្នកនាងបានបន្តឲ្យដឹងទៀតថា នេះក៏ជារូបភាពមួយ និងជាបទពិសោធន៍ដ៏ល្អ ដែលក្រុមហ៊ុនមានបំណងចង់ចែករំលែក និងបង្ហាញដល់យុវសិស្សរបស់ប្រទេសកម្ពុជាទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង តស៊ូរៀនសូត្រ ដើម្បីលើកស្ទួយវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា រួមទាំងអរិយធម៌ វប្បធម៌ និងជ្រុមជ្រែងក្នុងការលើកម្ពស់នៃ វិស័យទេសចរណ៍ជាតិ ទៅកាន់ប្រទេសចិន និងអន្តរជាតិ ឲ្យកាន់តែមានភាពទួលំទូលាយ តាមរយៈវីដេអូខ្លីៗ ដោយមានការរួមផលិតពី ក្រុមហ៊ុន Fun និងការសហការពី យុវសិស្ស ធុច សាឡិផងដែរ ។


