នៅថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ថ្មីទៀត លើមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ខណៈអ្នកជំងឺ៣នាក់បានជាសះស្បើយ
ស៊ីហៀង
-

 ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់ លើមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ខណៈជំងឺកូវីដ១៩ ចំនួន០៣នាក់ថ្មីទៀត ត្រូវបានព្យាបាលជាសះស្បើយ។

ករណីជាសះស្បើយ លើបុរសជនជាតិខ្មែរ ០២នាក់ និងបុរសជនជាតិអាមេរិកកាំង ០១នាក់

-បុរសអាយុ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

- បុរសអាយុ២៧ ឆ្នាំ មានអាស័យដ្ឋាននៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រោម ក្រុងសៀមរាប ខេត្តសៀមរាប បុរសជនជាតិខ្មែរទាំងពីរនាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា​ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាព ចាក់អង្រែ រាជធានីភ្នំពេញ។

- បុរសអាមេរិកកាំង ជាមន្រ្តីការទូតជាន់ខ្ពស់ស្ថានទូតសហរដ្ឋមេរិកប្រចាំកម្ពុជា កាន់វីសាប្រភេទ A មានអាស័យដ្ឋានអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េ ខាងត្បូងមកកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ ១៩ ចំនួន២ដង ដែលគ្រប់គ្រង និងរាយការណ៍ដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា។

ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី លើបុរសជនជាតិអាមេរិកកាំង ចំនួន០១នាក់

-បុរសជនជាតិអាមេរិកកាំង ជាមន្រ្តីការទូតជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាន់វីសាប្រភេទ A មានអាស័យដ្ឋានស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។ គាត់បានធ្វើដំណើរពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េ ដែលលទ្ធផលវិភាគវត្ថុសំណាកលើកទី៣ នាថ្ងៃទី១៥ នៃការធ្វើចក្តាឡឺស័ករបស់គាត់ រាយការណ៍ដោយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ទទួលបានលទ្ធផល វិជ្ជមានវិរុសកូវីដ ១៩ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។ អ្នកជំងឺត្រូវបានដាក់នៅក្នុងបន្ទប់មួយដោយឡែកនៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីធ្វើការព្យាបាលដោយក្រុមគ្រូពេទ្យអាមេរិកកាំងនៃស្ថានទូតនេះ។