នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក វេជ្ជបណ្ឌិតវ័យក្មេង ហ៊ាង រតនា បានបង្ហោះសារ សូមមេត្តាមាតាបិតា បើស្រលាញ់កូនចៅ សូមកុំឲ្យក្មេងពាក់ ពេលនៅតូចធ្វើអ្វី ព្រោះក្មេងអាច លេបចូលទៅក្នុងពោះ ឬ ក៏កើតនូវបញ្ហានានាបាន។

លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានបង្ហោះសារថា "ករណីកូនក្មេងលេបចិញ្ចៀនដែលខ្លួនពាក់ចូលក្នុងពោះ ករណីបែបៗនេះមិនមែនជាលើកទី១នោះទេ វាកើតឡើងច្រើនណាស់មកហើយ។ ខ្ញុំធ្លាប់និយាយម្តងហើយ ការពាក់គ្រឿងអលង្ការអោយក្មេងមិនត្រឹមតែមិនមានផលប្រយោជន៍ទេ ថែមទាំងផ្តល់ទុក្ខទោសដល់ក្មេងវិញថែមទៀតផង។ សូមស្រលាញ់កូនដោយភាពឆ្លាតវៃ ដោយមិនមានធ្វេសប្រហែស។ (ក្នុងរូបភាពខាងក្រោមគឺថតដោយ x-ray មិនមែនអេកូទេ)"។

លោកក៏បានភ្ជាប់ជាសារ កាលពីប៉ុន្មានខែមុនថា "សំរាប់ខ្ញុំផ្ទាល់មិនគាំទ្រចំពោះការពាក់គ្រឿងអលង្ការអោយក្មេងទេ (សូម្បីមនុស្សចាស់ក៏ដោយក៏ខ្ញុំមិនសូវគាំទ្រដែរ លើកលែងពេលមានកម្មវិធី)
»ការពាក់គ្រឿងអលង្ការអោយក្មេងមិនត្រឹមតែមិនផ្តល់ផលល្អទេ ថែមទាំងផ្តល់ផលអាក្រក់ថែមទៀតផង។ ដូចនេះហើយបានខ្ញុំមិនទទួលចោះត្រចៀកក្មេងទេ។ ផលអាក្រក់បានមកពីការពាក់គ្រឿងអលង្ការអោយក្មេងមានដូចជា :
1- ខាតលុយកាក់ (អាចគ្មានបញ្ហាបើសិនបងប្អូនជាអ្នកធូរធារ)
2- អាចផ្តល់គ្រោះថ្នាក់ដល់ក្មេងដោយសារចោរកម្ម
3- បណ្តុះទម្លាប់ក្មេងអោយតម្លៃតែទៅលើទ្រព្យសម្បត្តិក្រៅខ្លួន
4- អាចធ្វើអោយក្មេងចេះអួតអាងហុឺហា
5- ចោះត្រចៀកនៅតូចពេក អាចធ្វើអោយប៉ះពាល់ត្រចៀកកូន (ចំពោះក្រវិល)
6- អាចប្រតិកម្មស្បែកផ្ទាល់ជាមួយគ្រឿងអលង្ការ
7- អាចគ្រោះថ្នាក់ផ្សេងៗ ស្លាក់ ដាច់ទងត្រៀក រឹបដៃជ្រុល បាត់បង់ជាយថាហេតុ...............

នៅមានចំណុចច្រើនទៀត។ នៅប៉ែកលោកខាងលិចប្រទេសគេទំនើបៗប្រទេសគេអ្នកមានកម្រឃើញគេពាក់គ្រឿងអលង្ការណាស់ទាំងចាស់ទាំងក្មេង ព្រោះគេដឹងតម្លៃមនុស្សពិតប្រាកដ និងអ្វីដែលជាតម្រូវការជួយសម្រួលក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សពិតប្រាកដ។ ខ្ញុំនិយាយនេះអាចប៉ះពាល់អារម្មណ៍បងប្អូនមួយចំនួន តែខ្ញុំគ្រាន់តែចង់និយាយពីការយល់ឃើញរបស់ខ្ញុំ។
ក្មេងៗមិនត្រូវការគ្រឿងអលង្ការលម្អខ្លួននោះទេ គេត្រូវការតែអាហារដែលមានជីវជាតិគ្រប់គ្រាន់ កន្លែងរស់នៅសមរម្យ ការរៀនសូត្រ និងភាពកក់ក្តៅពីក្រុមគ្រួសារ ពីឪពុកម្តាយ។




ប្រភព៖ វេជ្ជ.ហ៊ាង រតនា