ធូរទ្រូងបន្តិច ! សាច់ញាតិស្ត្រីទាហានមួកខៀវ ដែលផ្ទុកកូវីដ១៩ នៅសង្កាត់សិត្បូ ទាំងអស់ចំនួន១៣នាក់ ត្រូវបានយកទៅពិនិត្យ រកជំងឺកូវីដ១៩ តែមិនឃើញមានមេរោគទេ
ស៊ីហៀង
-

ភ្នំពេញ៖ ស្រ្តីទាហានមួកខៀវ អាយុ២៧ឆ្នាំម្នាក់ ត្រូវបានរកឃើញជំងឺកូវីដ ១៩ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ដែលស្រ្តីរូបនោះមានទីនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយពេលនេះកំពុងតែមានការព្រួយបារម្ភខ្លាចមានការឆ្លងទៅកាន់ក្រុមគ្រួសារ សាច់ញាតិ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

អ្នកស្រី  ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានប្រាប់ថា​ ស្រ្តីជាទាហានមួយខៀវខាងលើ បានត្រឡបមកពីបម្រើការងារនៅប្រទេសម៉ាលី ហើយត្រូវបានដាក់ ឱ្យធ្វើចត្តាឡីស័កនៅកន្លែងធ្វើចត្តាឡីស័កក្នុងមជ្ឈមណ្ឌលកងទ័ពមួកខៀវ ក្នុងខេត្តកំពង់ស្ពឺអស់ជាច្រើនថ្ងៃទៅហើយ ដោយរកមិនឃើញជំងឺកូវីដ១៩នោះឡើយ ទើបអនុញ្ញាតឱ្យមកធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនក្នុងក្រុងតាខ្មៅ។ ពេលមកធ្វើចត្តាឡីស័កនៅផ្ទះ ក៏ស្រាប់តែលេចចេញមេរោគ និងពិនិត្យរកឃើញមេរោគកាលពីថ្ងៃទី០៨ ខែសីហា កន្លងទៅនេះ។

អ្នកស្រីបានបន្តទៀតថា ដោយក្តីបារម្ភខ្លាចមានការឆ្លងទៅក្រុមគ្រួសារ និងសាច់ញាតិស្នាក់នៅក្រោមដំបូលផ្ទះជាមួយគ្នានេះ មនុស្សជាសាច់ញាតិប្រមាណ ១៣នាក់ត្រូវបានយកទៅពិនិត្យសុខភាពរកជំងឺកូវីដ១៩ តែពួកមិនឃើញមានមេរោគកូវីដ១៩នោះឡើយ។ ទោះបីមិនទាន់ឃើញមានកូវីដ១៩ក៏ដោយចុះ សាច់ញាតិទាំង១៣នាក់ ក៏ត្រូវបានយកទៅឱ្យធ្វើចត្តាឡីស័កបន្តនៅមណ្ឌលធ្វើចត្តាឡីស័កកម្រិត២។

អ្នកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា "​ ពេលគាត់ទៅដល់ផ្ទះ គឺគាត់បានអនុវត្តន៍នូវគោលការណ៍ចត្តាឡីស័កដោយនៅក្នុងផ្ទះនោះគាត់មានសមាជិកគ្រួសារ៤នាក់ ដោយមានលោកឪពុករបស់គាត់ អ្នកម្តាយរបស់គាត់ បងប្រុសរបស់គាត់ និងប្អូនប្រុសរបស់គាត់។ ប៉ុន្តែគាត់នៅដាច់ដោយឡែកទេ តាមព័ត៌មានយើងទទួលបានពីសាម៉ីខ្លួនផ្ទាល់ គឺគ្រាន់ប្រើម៉ាសថ្វីដ្បិតតែគាត់មានការក្អកកណ្តាស់ ឬក៏ផ្តាសសាយហ្នឹងក៏គាត់មានការប្រើប្រាស់ម៉ាស។ ប៉ុន្តែបញ្ហាគាត់ប្រើប្រាស់បន្ទប់ទឹករួមគ្នាជាមួយក្រុមគ្រួសាររបស់គាត់។ ហើយយើងបានសាកសួរជាបន្តទៀត គាត់ក៏មានបងប្អូនគាត់ជាបន្តបន្ទាប់ទៀត តែបងប្អូននោះមិនបានរស់នៅក្នុងផ្ទះសម្បែងជាមួយគាត់ទេ។ ការបញ្ជាក់របស់សាម៉ីខ្លួននេះ គឺថា គាត់មិនបានជួបជាមួយបងប្អូនរបស់គាត់នោះដែរ។ ទន្ទឹមនឹងនោះបងប្អូនរបស់គាត់ មានគ្នាបើរាប់ទាំងក្មួយទាំងអីផង រាប់ទាំងអស់គ្នាហ្នឹង គឺមានគ្នា ១៣នាក់។ ប៉ុន្តែអ្នកផ្សេងទៀតហ្នឹងមិនបានប៉ះពាល់ជាមួយគាត់ទេ គឺនៅដាច់ដោយឡែកពីកាត់"។