អុញនុះ...!! តុលាការកោះហៅចៅសង្កាត់រងទី១ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងឈ្មួញដីម្នាក់ឲ្យចូលបំភ្លឺ ពាក់ព័ន្ធ​ចំនួន ៤បទល្មើសរួមមាន....
សីហា
-

(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សុង ឆវ័ន្ត បានកោះហៅលោក ស៊ឹម ភូន ចៅសង្កាត់រងទី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងឈ្មួញដីម្នាក់ឈ្មោះ ឈុយ តុលា ឲ្យចូលឆ្លើយបំភ្លឺនៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ ពាក់ព័ន្ធករណីទំនាស់ដីធ្លីទំហំជាង ១៧ហិកតា នៅក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក ស៊ឹម ភូន ចៅសង្កាត់រងទី១ សង្កាត់ត្រពាំងក្រសាំង និងឈ្មួញដីម្នាក់ឈ្មោះ ឈុយ តុលា ត្រូវបានមេធាវី ផេង ស៊ីដេត ជាតំណាងឲ្យជនរងគ្រោះឈ្មោះ លី សុខយូ បានដាក់ប្ដឹងចូលតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ចំនួន ៤បទល្មើសរួមមាន៖ បទ ប្រឆាំងនឹងអ្នករាជការសាធារណៈ, បទ ញុះញង់ឲ្យប្រព្រឹត្តអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ, បទ ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងបទ ធ្វើឲ្យខូចខាតដោយចេតនា។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក លោក ស៊ឹម ភូន ចៅសង្កាត់រងទី១ សង្កាត់ត្រពាំងក្រសាំង បានចូលខ្លួនបំភ្លឺតាមដីកាកោះរបស់តុលាការរួចហើយកាលពីរសៀលនេះ ប៉ុន្តែឈ្មួញដីឈ្មោះ ឈុយ តុលា ពុំបានចូលខ្លួនបំភ្លឺនោះទេ។

ប្រភពព័ត៌មាន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន លោក ស៊ឹម ភូន ចៅសង្កាត់រងទី១ សង្កាត់ត្រពាំងក្រសាំង និងឈ្មួញដីឈ្មោះ ឈុយ តុលា និងបក្ខពួក ក៏កំពុងជាប់បណ្ដឹងនៅសាលាដំបូងរាជធានីភ្នំពេញ ហើយតុលាការកំពុងចាត់ការពាក់ព័ន្ធ បទក្លែងឯកសារសាធារណៈក្លែង, បទ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទ ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត ទាក់ទងនឹងទំនាស់ដីធ្លីទំហំជាង ២ហិកតា នៅក្នុងភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផងដែរ៕ដោយ៖​ ជីម​ ភារ៉ា