យុវជនម្នាក់ ជិះកង់ឆក់ទូរស័ព្ទតាមផ្លូវ ត្រូវសមត្ថកិច្ចក្របួចកជាប់
ស៊ីហៀង
-

ភ្នំពេញ​ ៖​ កាលពីវេលាម៉ោង ០៨ និង៣០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ ជិះកង់ទៅឆក់ទូរស័ព្ទពីជនរងគ្រោះ​ ដែលកំពុងតែឈរថតលេងក្បែរចិញ្ចើមផ្លូវ បានសម្រេច ហើយព្យាយាមជិះកង់រត់គេខ្លួន តែគេចមិនផុតពីដៃសមត្ថកិច្ចឡើយ។ ហេតុការណ៍នេះ បានកើតឡើងនៅមុខព្រះបរមរាជវាំង ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះថា យឿម ឆេងអ៉ី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនផ្នែកលក់ ។ ចំណែកជនសង្ស័យមានឈ្មោះថា ភាព កក្កដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ ។

ជនរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះគាត់ជិះម៉ូតូចេញពីម្តុំវិមានឯករាជ្យ បន្ទាប់ទៀត គាត់ក៏បានមកលេងនៅមុខព្រះបរមរាជវាំង ដើម្បីដើរលេងកំសាន្ត ។ ពេលមកដល់ព្រះបរមរាជវាំង គាត់ក៏បានឈប់ម៉ូតូ រួចក៏ទាញទូរស័ព្ទ មកថតលេងក្បែរចិញ្ចើមផ្លូវ ក៏ស្រាប់តែជនសង្ស័យជិះកង់មកជិត ហើយក៏បានឆក់យកទូរស័ព្ទពីដៃរបស់ខ្លួនទៅ។ ភ្លាមៗនោះ ជនរងគ្រោះបានស្រែកឆោឡោរត់ដេញតាមជនសង្ស័យ ពីក្រោយ ស្របពេលនោះ កម្លាំងប៉ុស្តិ៍នរគបាលជ័យជំនះ ដែលកំពុងតែល្បាតនៅទីនោះ បានលឺ ក៏ដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបានតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕