ទីតាំងឆ្នោតវៀតណាមជាច្រេីនកន្លែងក្នុងផ្សារកណ្ដាល​ កំពុងកេីបលុយពីអ្នកលេង​ ខណះអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញមិនទាន់ចុះបង្ក្រាប
ស៊ីហៀង
-

ភ្នំពេញ ៖ មានទីតាំងកត់ឆ្នោតវៀតណាមជាច្រើន ស្ថិតក្នុងផ្សារកណ្ដាល ផ្លូវលេខ១៣ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងតែបើកលេងដោយសេរី គ្មានការខ្លាចញញើតច្បាប់អ្វីបន្តិចសោះឡើយខណៈអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញមិនទាន់ចុះបង្ក្រាប​ នេះបេីតាមប្រភពព័ត៌មានបានឲ្យដឹងនៅថ្ងៃទី២១​ តុលា​ ២០២០​ ។

​ជាមួយគ្នានោះ​ដែរ​ ភ្ងាក់ងារសារព័ត៌មាន​ Khmer News បានដឹងបន្ថែមថា ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ជាច្រើន នៅក្នុងផ្សារកណ្ដាល បានបើកលេងដោយមិនមានការលាក់លៀមអ្វីនោះឡើយ ដោយពួកគាត់សង្ស័យថា មានបុគ្គលឈ្មោះ ហេង ម៉េង ជាអ្នកមើលការខុសត្រូវ។

​គួររំលឹកថា​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានធ្វើការព្រមានខ្លាំងៗថា លោកនឹងដកប្រធានផ្សារ និងអភិបាលខណ្ឌណាក្នុងរាជធានីភ្នំពេញ ដែល អនុញ្ញាតិ ឱ្យ មានល្បែងកន្ទុយលេខ និងល្បែងគ្រប់ប្រភេទ នៅក្រោមដែនសមត្ថកិច្ចគ្រប់ គ្រង របស់ខ្លួនក៍ដោយ។ ប៉ុន្តែ អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញហាក់គ្មានចំណាត់ការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) ក្នុងផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលទី១នោះនៅឡើយទេព្រោះតែហេតុអ្វី?

​ជាមួយគ្នានោះ​ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដូនពេញ មេត្តាជួយពិនិត្យ និងមានវិធានការចុះទៅបង្ក្រាបទីតាំងខាងលើនេះផង។ ដើម្បីកុំឲ្យកើតមានបទល្មើសដូចជា ចោរកម្ម ឃាតកម្ម ឆក់ ប្លន់ ជាដើម។

​ជំវិញបញ្ហាខាងលើនេះ អង្គភាព​ Khmer News មិនអាចទាក់ទងបានពីលោក ហេង ម៉េង និងលោកប្រធានផ្សារកណ្ដាល បានឡេីយ​នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ព្រោះគ្មានលេខទូរស័ព្ទ ហើយអង្គភាពយើងនឹងរងចាំការបំភ្លឺ ពីអ្នកពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ៕​ ដោយ​ ៖​ ជីម​ ភារ៉ា