ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ​-១៩ ថ្មីចំនួន៣នាក់ទៀតនៅព្រឹកថ្ងៃច័ន្ទនេះ សរុបគឺ៣៨៤០ករណី ខណៈអ្នកដែលបាត់បង់ជីវិតវិញគឺ...
-

(ថៃ) អាជ្ញាធរថៃបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដចំនួន៣ករណីបន្ថែមទៀត កាលពីព្រឹកថ្ងៃច័ន្ទទី០៩វិច្ឆិកានេះ។ដែលធ្វើអោយអ្នកឆ្លងជំងឺកូវីដនៅប្រទេសថៃគឺកើនឡើងរហូតដល់ ៣៨៤០ករណី ខណៈដែលអ្នកបាត់បង់ជីវិតគឺនៅត្រឹមតែ៦០នាក់ដដែល។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ(CCSA)របស់ថៃបានអោយដឹងថា អ្នកឆ្លងថ្មីចំនួន៣ករណីនោះគឺសុទ្ធសឹងតែជាជនបរទេសដែលទើបតែធ្វើដំណើរចូលមកទឹកដីថៃ។ដែល២នាក់ក្នុងចំនោមនោះ គឺជាជនជាតិអេត្យូពី និងម្នាក់ទៀតគឺជាជនជាតិអូម៉ានី។

បុរសនិងស្រី២នាក់ដែលជាជនជាតិអេត្យូពីនោះ គឺបានដល់មកប្រទេសថៃកាលពីថ្ងៃទី២៣ខែតុលា និងត្រូវបានធ្វើតេស្តឃើញវីរុសកូវីដ២សប្តាហ៏បន្ទាប់។ចំនែកឯជនជាតិអូម៉ានីម្នាក់ទៀត គឺបានធ្វើដំណើរមកពីចក្រភពអង់គ្លេស តាមជើងហោះហើរUnited Arab Emirates ហើយត្រូវបានធ្វើតេស្តរកឃើញជំងឺកូវីដពេលដែលគេមកដល់ភ្លាម។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមពេលនេះថៃមានអ្នកឆ្លងជំងឺកូវីដចំនួន៣៨៤០ករណី ជាសះស្បើយចំនួន២៦៦១ករណី និង១១៩នាក់ទៀតកំពុងទទួលការព្យាបាលនៅឯមន្ទីពេទ្យ ខណៈដែលចំនួនអ្នកបាត់បង់ជីវិតគឺពុំមានការកើនឡើងទេគឺស្ថិតនៅត្រឹម៦០ករណីដដែល។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖bangkokpost