ច្បាស់ ១០០% ! សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ
ស៊ីហៀង
-

ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើការលើកឡើងឲ្យជនរួមជាតិបានជ្រាបនៅថ្ងៃនេះថា ៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារាមថារាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញនិងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។

ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជម្ងឺកូវីដ-១៩នៅពេលនេះគឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។

សម្រាប់ការពាក់ម៉ាស់ដែលកាលពីម្សិលមិញនេះខ្ញុំបានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាស់ជូនទៅសាលារាជធានីភ្នំពេញដើម្បីចែកជូនប្រជាជនក្រីក្រ។នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់។សូមបងប្អូនពាក់ម៉ាស់ទាំងអស់គ្នាដើម្បីយើងឈានទៅបញ្ចប់ព្រិត្តិការណ៍៣វិច្ឆកាឱយបានឆាប់ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ៣ វិច្ឆិកា ២០២០ វិញ។

សម្រាប់បងប្អូនដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះត្រូវបន្តធ្វើឱ្យបានហ្មត់ចត់នឹងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យនឹងជួយដោះស្រាយជីវភាពសម្រាប់គ្រួសារក្រីក្រដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក។ ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំអោយពួកគាត់ខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័ក។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕