លោក Trump ហាមឃាត់ជនជាតិអាមេរិកវិនិយោគនៅក្នុងក្រុមហ៊ុន ដែលជួយដល់យោធាចិន
-

(បរទេស) តាមសារព័ត៏មាន Bangkok post ចុះផ្សាយនៅថ្ងៃទី១៣ វិច្ឆិកា កាលពីប៉ុន្មានម៉ោងមុននេះ បានអោយដឹងថា ប្រធានាធិបតីលោកDonal Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលហាមឃាត់ជនជាតិអាមេរិក មិនអោយវិនិយោគទៅលើក្រុមហ៊ុនចិនដែលត្រូវបានគេចាត់ទុកថាជាអ្នកផ្គត់ផ្គង់និងគាំទ្រដល់យោធាទីក្រុងប៉េកាំង។

បទបញ្ជានេះបានធ្វើឡើងចំពោះក្រុមហ៊ុនចំនួន៣១ ដែលគេចាត់ទុកថា ចិនប្រើប្រាស់ក្នុងការកេងប្រវ័ញ្ចពីការវិនិយោគទុនពីអាមេរិកដើម្បីយកទៅផ្គត់ផ្គង់យោធាទីក្រុងប៉េកាំង។ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនកាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំងក្នុងកំឡុងពេលឡើងកាន់តំណែងប្រធានាធិបតីរបស់លោក Trump ប៉ុន្តែលោកTrumpបាននិយាយថា លោកទុកអាមេរិកជាចម្បង។

លោកបន្ថែមថា ចិនគឺជាកត្តាគំរាមកំហែងធំបំផុតដល់អាមេរិក រួមទាំងប្រជាធិបតេយ្យរបស់ពិភពលោក ជាពិសេសសេដ្ធកិច្ច ដែលបណ្ដាលមកពីវីរុសកូរ៉ូណា។គួរបញ្ជាក់ថា ក្រុមទាំងនោះរួមមាន ក្រុមហ៊ុនទូរគមនាគមន៍សំណង់និងបច្ចេកវិទ្យាធំៗ ដូចជា China Moblie, China Telecom ក្រុមហ៊ុនកាមេរ៉ាសុវត្ថិភាព Hikvision និង China Railway Construction Corp។ហើយវិនិយោគជនជាតិអាមេរិក ដែលកំពុងវិនិយោគក្នុងពេលបច្ចុប្បន្ននឹងមានរយៈពេលមួយឆ្នាំដើម្បីដកខ្លួនចេញពីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bangkokpost