មិនគួរអោយជឿ គ្រាន់តែសត្វព្រាបមួយក្បាលសោះ លក់បានតំលៃរហូតដល់ទៅ ១.៩លានដុល្លារ
-

(បរទេស) តាមសារព័ត៏មានCBS News ចុះផ្សាយកាលពីថ្ងៃទី១៦ វិច្ឆិកា ម្សិលមិញនេះបានអោយដឹងថា សត្វព្រាបប្រណាំងមួយក្បាលរបស់ប្រទេសបែលហ្ស៊ិក ដែលដាក់ដេញថ្លៃកាលពីថ្ងៃទី១៥ វិច្ឆិកា គឺលក់បានក្នុងតំលៃដ៏ថ្លៃបំផុតពុំធ្លាប់មានពីមុនមក។

សត្វព្រាបញីមួយក្បាលនោះ មានឈ្មោះថា New Kim នាងមានអាយុ២ឆ្នាំ ត្រូវបានដេញថ្លៃដោយបុរសជនជាតិចិនម្នាក់ ក្នុងតំលៃរហូតទៅដល់ ១.៩ លានដុល្លារសហរដ្ឋអាមេរិក។ Nikolaas Gyselbrecht នាយកប្រតិបត្តិនិងជាស្ថាបនិកនៃក្រុមហ៊ុនដេញថ្លៃ Pipa បានប្រាប់អោយដឹងថា ក្រុមហ៊ុនរបស់ខ្លួនពុំធ្លាប់លក់ព្រាបប្រណាំងបានតំលៃថ្លៃដូចជាNew Kimពីមុនមកនោះទេ ហើយលោកបានប្រាប់អោយដឹងថា លោកក៏មិននឹកស្មានដូចគ្នា ថាអាចលក់ចេញក្នុងតំលៃដ៏ថ្លៃបែបនេះ។

លោកបន្តថា អ្នកទិញប្រហែលជាចង់បានNew Kimដើម្បីយកទៅបង្កាត់ពូជ ព្រោះថានាងជាព្រាបប្រណាំងដែលពូកែ ថែមទាំងធ្លាប់ឈ្នះបានពានរង្វាន់ក្នុងការប្រណាំង សត្វព្រាបដែលហោះបានរយះចំងាយឆ្ងាយនៅប្រទេសបារាំងថែមទៀតផង។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ cbsnews