គួរឲ្យអនិច្ចា ទីសក្ការបូជា «ព្រះអង្គជប់» នៃភ្នំគូលែន កន្លែងដែលធ្លាប់តែល្បីល្បាញ និងមានពុទ្ធបរិស័ទមកពីគ្រប់ទិសទីផ្តល់ការគោរពប្រណិប័តន៍ បែរជាត្រូវមកគ្របដណ្តប់ដោយសំរាមរប៉ាតរប៉ាយគួរឲ្យ...
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ បានបង្ហោះសារយ៉ាងវែង ដោយលោកបានរៀបរាប់ថា៖ គួរឱ្យអនិច្ចាទីសក្ការបូជា«ព្រះអង្គជប់»នៃភ្នំគូលែន! កន្លែងដែលធ្លាប់តែល្បីល្បាញ និងមានពុទ្ធបរិស័ទមកពីគ្រប់ទិសទីផ្តល់ការគោរពប្រណិប័តន៍ បែរជាត្រូវមកគ្របដណ្តប់ដោយសំរាមរប៉ាតរប៉ាយគួរឱ្យស្អប់ខ្ពើមទៅវិញ។ ក្នុងឱកាស«ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២០» អនុញ្ញាតឱ្យខ្ញុំលើកយកប្រធានបទនេះមកពិភាក្សា និងរិះគិតពិចារណាបន្តិច សង្ឃឹមថានឹងបានលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការថែរក្សាអនាម័យបរិស្ថាន ជាពិសេសនៅក្នុងតំបន់សក្ការបូជា និងតំបន់ឧទ្យានជាតិដូចជាព្រះអង្គជប់នេះ។

នេះជាលើកទីមួយហើយ ដែលខ្ញុំបានដើរឡើងមកដល់«ព្រះអង្គជប់»ចាប់តាំងពីខ្ញុំបានបំពេញតួនាទីជាអភិបាលស្រុកបន្ទាយស្រី។ ខ្ញុំតែងតែបានលឺពីកិត្តិស័ព្ទ ភាពខ្លាំងពូកែស័ក្តិសិទ្ធិ និងសក្តានុពលខាងផ្នែកទេសចរណ៍សាសនានៃកន្លែងដ៏វិសិដ្ឋមួយនេះ ប៉ុន្តែដោយហេតុតែទីនេះជាតំបន់ឧទ្យានជាតិ និងជាបន្ទាត់ព្រំប្រទល់ខណ្ឌចែករវាងស្រុកបន្ទាយស្រី និងស្រុកស្វាយលើ(ត្រឹមច្រកឡើងនៅជើងភ្នំស្ថិតក្នុងស្រុកបន្ទាយស្រី ចំណែកផ្លូវឡើងនិងផ្នែកខាងលើស្ថិតក្នុងស្រុកស្វាយលើ) ខ្ញុំតែងតែមិនបានចាត់ទុកទីនេះជាតំបន់គ្រប់គ្រងរបស់រដ្ឋបាលស្រុកបន្ទាយស្រីនោះទេ។

តែថ្មីៗនេះ រដ្ឋបាលស្រុកទទួលបានសំណូមពរពីប្រជាពលរដ្ឋឱ្យជួយពិនិត្យលើបញ្ហាសំរាម និងកាកសំណល់នានាដែលបានចោទជាបញ្ហាប្រឈម ទើបសម្រេចប្រមូលបងប្អូនប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្ត ប្រជាការពារ ព្រមទាំងចាប់ដៃគូសហការជាមួយក្រុមហ៊ុនចំបុីសៀមរាប សរុបកំលាំងជិត២០០នាក់ ដាក់កម្មវិធីសម្អាតបរិស្ថាននៅក្នុងតំបន់នេះឱ្យចំថ្ងៃទិវាបរិស្ថាន២៣វិច្ឆិកាតែម្តង។ តែអ្វីៗមានសភាពធ្ងន់ធ្ងរលើសពីការរំពឹងទុកទៅទៀត។ ចាប់តាំងពីចំណតរថយន្តនៅខាងផ្នែកខាងក្រោម នៅតាមសងខាងជណ្តើរឡើង និងផ្លូវរថយន្ត ចំណុចសម្រាកជើងនីមួយៗ ជាពិសេសនៅជុំវិញបរិវេណដែលមានអ្នកលក់ដូរ និងផ្នែកខាងលើនៃភ្នំ ក៏ដូចជាបរិវេណជុំវិញបន្ទប់ទឹក សំរាមយ៉ាងច្រើនមាននៅស្ទើរតែគ្រប់ទីកន្លែង ហាក់ដូចជាមិនដែលមានអ្នកណាធ្លាប់មកសម្អាតទាល់តែសោះ ដែលធ្វើឱ្យមានការខ្ពើមរអើម មិនចង់សូម្បីតែដើរឆ្លងកាត់ កុំថាឡើយឱ្យមកលេងកម្សាន្ត។ តែហេតុអ្វី?

ទទួលស្គាល់ថាទីនេះមិនទាន់មានការគ្រប់គ្រងផ្ទាល់ដោយអាជ្ញាធរមូលដ្ឋានណាមួយនៅឡើយទេ អាចថាបណ្តាលមកពីភាពមិនច្បាស់លាស់នៃដែនសមត្ថកិច្ចទទួលខុសត្រូវក៏ថាបាន ព្រោះយ៉ាងហោចណាស់ក៏មានស្ថាប័ន៤ដែរ ដែលពាក់ព័ន្ធនៅទីនេះ(បរិស្ថាន? អប្សរា? ស្វាយលើ? បន្ទាយស្រី?)។ប៉ុន្តែកន្លងមក នៅទីនេះក៏មានក្រុមអ្នកទទួលបានផលប្រយោជន៍ពីភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកាន់ព្រះអង្គជប់រួចទៅហើយ ទាំងអ្នកលក់ដូរ ទាំងអ្នកយកថ្លៃចំណតរថយន្តនិងផ្លូវឡើង ព្រមទាំងគណៈកម្មការវត្ត និងអាស្រមនៅផ្នែកខាងលើផងដែរ។ ចុះហេតុអ្វីបានជាមិនមានអ្នកណាទទួលខុសត្រូវលើបញ្ហាសំរាមយ៉ាងដូច្នេះ? តើប្រយោជន៍ឯកជនគួរមានចំណងគណនេយ្យភាពជាមួយការការពារផលប្រយោជន៍រួមដែររឺទេ? តើវាជាកង្វះខាតមធ្យោបាយ ឬការគ្រប់គ្រង? ចុះបើយើងចង់ចាប់ផ្តើមគ្រប់គ្រងវា គួរធ្វើបែបណា? គួរចាប់ផ្តើមពីចំណុចណា?

ខ្ញុំជឿថាយើងមិនអាចមានចម្លើយភ្លាមដោយមិនមានការសិក្សាលម្អិតពីឫសគល់នៃបញ្ហា និងនាំអ្នកពាក់ព័ន្ធទាំងអស់មកជួបគ្នាអង្គុយពិភាក្សាគ្នានោះទេ ប៉ុន្តែរាល់ការអភិវឌ្ឍត្រូវតែមានចីរភាព។ ប្រសិនបើយើងមិនទាន់មានលទ្ធភាពធានាឱ្យបានថា ការអភិវឌ្ឍថ្ងៃនេះនឹងមិនធ្វើឱ្យមានវិនាសកម្មនៅក្នុងថ្ងៃស្អែក យើងមិនគួរយកអនាគតនៃបរិស្ថាន ធម្មជាតិ និងវប្បធម៌ដែលមិនអាចកាត់ថ្លៃបាននេះ មកប្រថុយប្រថាន ឬយកផលប្រយោជន៍រួមមកប្តូរជាមួយនឹងប្រយោជន៍ឯកជនបន្តិចបន្តួចរបស់បុគ្គលរឺក្រុមណាមួយនោះទេ។

ជាការចាប់ផ្តើម រដ្ឋបាលស្រុកបន្ទាយស្រីគ្រោងនឹងធ្វើការពិភាក្សាជាមួយរដ្ឋបាលស្រុកស្វាយលើ ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា ដើម្បីឈានទៅរកយន្តការគ្រប់គ្រងប្រកបដោយនិរន្តភាពមួយនៅទីនេះ។ ការបង្កើតគណៈកម្មការគ្រប់គ្រង ឬសហគមន៍ផ្លូវការច្បាស់លាស់ណាមួយដែលមានលទ្ធភាពអាចស្វ័យគ្រប់គ្រងបាន គឺជាជម្រើសល្អមួយ ដែលគួរយកមកពិចារណា ប៉ុន្តែទម្រាំនឹងយើងអាចមានយន្តការជាក់លាក់ទាំងនោះបាន ក្នុងនាមរដ្ឋបាលស្រុកបន្ទាយស្រី ខ្ញុំសូមអំពាវនាវ ២ចំណុចជាបណ្តោះអាសន្ន៖

- សូមបងប្អូនអ្នកទេសចរ និងពុទ្ធបរិស័ទ្ធទាំងអស់ដែលមកទស្សនាកម្សាន្ត ឬធ្វើបុណ្យធ្វើទាននៅទីនេះមេត្តាគ្រប់គ្រងសំរាមផ្ទាល់ខ្លួន និងផ្តល់ភាពទទួលខុសត្រូវលើសំរាមដែលខ្លួនបានបង្កើត ព្រោះរាល់សំរាមដែលបោះចោលនៅទីនេះនឹងបន្តនៅទីនេះជារៀងរហូត។ បើអាច សូមធ្វើការកាត់បន្ថយ និងវេចខ្ចប់យកសំរាមត្រលប់ទៅវិញផង។ ទោះបីជាថ្ងៃនេះ ក្រុមការងារបានសម្អាតតាមដងផ្លូវបានមួយអន្លើធំក៏ដោយ ក៏យើងមិនទាន់មានយន្តការប្រមូលសំរាមថ្មីៗនៅឡើយទេ ចំណែកឯធុងសំរាមច្រើនក៏មិនមែនជាដំណោះស្រាយដែរ ដរាបណាមិនទាន់មានយន្តការគ្រប់គ្រងជាប្រចាំ។

- សប្បុរសជនដែលតែងតែបរិច្ចាគ ធ្វើបុណ្យធ្វើទានទៅកាន់ព្រះអង្គជប់ គួរពិចារណារំលែកការចូលរួមនេះមកលើកិច្ចគាំពារថែរក្សាបរិស្ថាន និងគ្រប់គ្រងសំរាមផង តាមរយៈការជ្រោមជ្រែងលើយុវជនស្ម័គ្រចិត្ត ឬឧបត្ថម្ភដល់ប្រជាការពារដែលធ្វើការពាក់ព័ន្ធនឹងការប្រមូលសំរាម។ ភាពស័ក្តសិទ្ធ និងការគោរពបូជាមិនគួរធ្វើឡើងនៅក្នុងទីដែលគគ្រិចនោះទេ ហើយការស្រលាញ់ថែរក្សាបរិស្ថានក៏អាចរាប់ថាជាការធ្វើបុណ្យបានដែរ។

សង្ឃឹមថា ការលើកឡើងរបស់ខ្ញុំអំពីការប្រឈមធ្ងន់ធ្ងរនៃបញ្ហាសំរាមនៅក្នុងតំបន់ព្រះជប់ក្នុងថ្ងៃទិវាបរិស្ថាន២៣វិច្ឆិកានេះ នឹងបានក្រើនរំលឹកពីសារៈសំខាន់នៃការថែរក្សាបរិស្ថានធម្មជាតិ និងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីអនាគតយូរអង្វែងរបស់យើងទាំងអស់គ្នា។

ប្រភពៈ ឃឹម ហ្វីណង់ - Khim Finan