(បរទេស) យោងតាមសារព័ត៏មាន CNA ចុះផ្សាយនៅព្រឹកថ្ងៃទី២៥ វិច្ឆិកា នេះបានអោយដឹងថា គ្លីនីកមួយកន្លែង ដែលមានឈ្មោះថា Alam Sehat Lestari ស្ថិតនៅខេត្ត Kalimantan ភាគខាងជើង ប្រទេសឥណ្ឌូនេស៊ី មានលក្ខណៈពិសេស គឺព្យាបាលមិនគិតថ្លៃ តែយករុក្ខជាតិមកប្តូរជំនួសវិញ។
ប្រធានគ្លីនីក គឺជាស្រ្តីជនជាតិអាមេរិក ដែលសហការណ៏ជាមួយអង្គការបងស្រីដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកគឺ Health in Harmony ពួកគេបានផ្តល់ជូនការព្យាបាលដល់ប្រជាសហគមន៏នៅតំបន់នោះជាច្រើនសហគមន៏ដោយឥតគិតថ្លៃ បើទោះជាពួកគេមិនមានលុយតម្កល់ច្រើនក៏ដោយ។
អ្នកជំងឺជាច្រើនបានប្រាប់អ្នកសារព័ត៏មាន ថាពួកយើងគ្មានលុយនោះទេ ប៉ុន្តែពួកយើងអាចមកព្យាបាលជំងឺបាន ដោយយើងយកដើមឈើប្រភេទអ្វីក៏បានដែរ ដើម្បីប្តូរថ្លៃព្យបាល ក្រុមគ្រូពេទ្យមិនប្រកាន់នោះទេ ពួកយើងពិតជាត្រេកអរខ្លាំងណាស់។ចាប់តាំងពីឆ្នាំ២០០៧មក គ្លីនីកនេះព្យាបាលអ្នកជំងឺប្រមាណជាង១២០,០០០នាក់ ហើយប្រសិនបើអ្នកជំងឺគ្មានរុក្ខជាតិនោះទេ ពួកគេអាចប្តូរជាវត្ថុអនុស្សាវរីយ៏ឬលាមកសត្វក៏បានដែរ។
ដុកទ័រ Kinari Webb ដែលជាអ្នកផ្តួចផ្តើមកម្មវិធីនេះឡើងបានអោយដឹងថា អ្នកស្រីធ្វើដំណើរពីអាមេរិកមកឧទ្យានជាតិGunung Lalung ក្នុងឆ្នាំ១៩៩៣ ក្នុងនាមជានិស្សិតផ្នែកសិក្សាស្រាវជ្រាវម្នាក់ អ្នកស្រីស្រលាញ់ព្រៃឈើនិងធម្មតាជាតិណាស់ ប៉ុន្តែមកដល់ទីនេះ អ្នកស្រីបានឃើញប្រជាជននាំគ្នាកាប់ទន្ទ្រានព្រៃ អ្នកស្រីពិតជាខឹងពួកគេណាស់។ប៉ុន្តែក្រោយមក អ្នកស្រីបានដឹងមូលហេតុដែលគេធ្វើបែបនេះ ព្រោះដើម្បីរកលុយទៅព្យាបាលសុខភាព។អ្នកស្រីបន្តថា “ព្រៃឈើជាមាតាធម្មជាតិ ពួកគេកាប់ព្រៃឈើស្មើនិងបំផ្លាញប្រភពធនធានសំរាប់សហគមន៏ខ្លួនឯង ប៉ុន្តែពួកគេធ្វើបែបនេះដោយសារតែគ្មានជម្រើស"។
ដោយសារនៅតំបន់នេះមានរុក្ខជាតិកម្រ និងប្រភេទសត្វស្វាដែលជិតផុតពូជ បន្ទាប់ពីអ្នកស្រីត្រលប់ទៅអាមេរិកវិញ ខ្លួនបានសំរេចចិត្តប្តូរទៅរៀនសាលាពេទ្យ និងបញ្ចប់ការសិក្សាផ្នែកវិជ្ជបណ្ឌិត។ អ្នកស្រីKinari Webb ក៏បានត្រលប់មកសហគមន៏នេះម្តងទៀត ព្រោះមិនចង់ឃើញព្រៃត្រូវកាប់ដើម្បី រកលុយដើម្បីព្យបាលសុខភាព។ដោយហេតុនេះហើយ ទើបអ្នកស្រីនិងក្រុមការងារ ដែលមានការសហការណ៏ជាមួយអ្នកក្នុងតំបន់ ចាប់ផ្តើមគ្លីនីកនេះឡើង ដោយព្យាបាលមិនគិតថ្លៃ និងប្តូរមកវិញជាដើមឈើ ចាប់តាំងពីឆ្នាំ២០០៧មក។
ប្រែសម្រួលដោយ ដាណយ
ប្រភពៈ channelnewsasia