(កូរ៉េខាងត្បូង) យោងតាមសារព័ត៏មាន Channel News Asia ចុះផ្សាយនៅរសៀលថ្ងៃទី២៧ វិច្ឆិកានេះបានអោយដឹងថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថាមានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៥៨៣ ករណីកាលពីថ្ងៃព្រហស្បតិ៍ (២៦ វិច្ឆិកា) ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីខែមីនាមក ហើយរលកទី៣នេះ កាន់តែមានការឆ្លងដែលហាក់ដូចជាកាន់តែអាក្រក់ទៅ ៗ ទោះបីមានវិធានការណ៍ឃ្លាតឆ្ងាយពីសង្គមថ្មីក៏ដោយ។
រដ្ឋាភិបាលបានដាក់ចេញវិធានការឃ្លាតឆ្ងាយពីសង្គមយ៉ាងតឹងរ៉ឹងលើទីក្រុងសេអ៊ូលនិងតំបន់ជុំវិញនៅសប្តាហ៍នេះ បន្ទាប់ពីការបន្ធូរបន្ថយទើបតែបានមួយខែតែប៉ុណ្ណោះ។រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Park Neung-hoo បានប្រាប់តាមកិច្ចប្រជុំតាមកញ្ចក់ទូរទស្សន៍នៃមន្រ្តីសុខាភិបាលថា "កូវីដ-១៩ បានមកដល់ក្បែរអ្នកនិងក្រុមគ្រួសាររបស់អ្នកហើយ"។លោកបន្តថា កម្លាំងប្រដាប់អាវុធបានបញ្ជា ឲ្យ ឈប់ធ្វើការរយៈពេល ១០ ថ្ងៃបន្ទាប់ពីមានការផ្ទុះឡើងជាបន្តបន្ទាប់នៅតាមមូលដ្ឋានយោធា។ហើយកន្លែងដែលរកការឆ្លងច្រើនជាងគេគឺ នៅសូណា សាលារៀន ព្រះវិហា និងនៅហាងកាហ្វេដែលក្មេងៗនិយមទៅជួបជុំមិត្តភក្តិ។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KCDC) បាននិយាយថាក្នុងចំណោមករណីចុងក្រោយបង្អស់មាន ៥៥៣ នាក់ហើយជិត ៧៣ ភាគរយនៃករណីទាំងនោះគឺស្ថិតនៅក្នុងតំបន់សេអ៊ូល ដែលអាចចាត់ទុកថានេះជាការឆ្លងជាសហគមន៏ខ្លាំងបំផុត ចាប់តំាងពីមានការឆ្លងដំបូងនៅខែមីនាក្នុងប្រទេសកូរ៉េខាងត្បូង។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia