ទីក្រុងតូក្យូ ដល់កម្រិតប្រកាសអាសន្ន ខណៈមានអ្នកឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន
-

(បរទេស) យោងតាមសារព័ត៏មាន CNA ចុះផ្សាយនៅថ្ងៃ២៧វិច្ឆិកានេះបានអោយដឹងថា រដ្ឋាភិបាលទីតូក្យូបាននិយាយកាលពីថ្ងៃសុក្រ ទីក្រុងតូក្យូមានអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មាន ខណៈជារៀងរាល់ថ្ងៃមានអ្នកឆ្លងដល់ទៅជិត៦០០នាក់។អភិបាលក្រុងតូក្យូលោក យូរីកូ កូស៊ី បានហៅស្ថានភាពកូវីដ-១៩ នៅក្នុងរដ្ឋធានីជប៉ុនថា "តឹងតែង" ហើយបានស្នើសុំឱ្យអាជីវកម្មមួយចំនួនកាត់បន្ថយពេលវេលាបើករបស់ពួកគេម្តងទៀត។

នៅដើមសប្តាហ៍នេះអាជ្ញាធរ បានជំរុញអោយភោជនីដ្ឋាន និង បារ កាត់បន្ថយម៉ោងបើករបស់ពួកគេអោយតិចជាងមុន ហើយស្នើរសុំអោយប្រជាជនក្នុងផ្ទះនិងជៀសវាងការចេញទៅខាងក្រៅអោយបានច្រើនតាមដែលអាចធ្វើបាន។

ទីភ្នាក់ងារគ្រួសារអធិរាជជប៉ុននៅថ្ងៃសុក្រនេះក៏បានប្រកាសលុបចោលនូវព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រចាំឆ្នាំដែលត្រូវបានកំណត់នៅថ្ងៃទី ២ ខែមករា ដែលអធិរាជណារុហ៊ីតូនិងសមាជិកគ្រួសារអធិរាជដទៃទៀតត្រូវរៀបចំឡើង។

ទីភ្នាក់ងារបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា“ យើងបានសំរេចចិត្តមិនរៀបចំព្រឹត្តិការណ៍នេះ ដោយសារមាន ការ រីករាលដាលនៃមេរោគឆ្លងវីរុសនេះកាន់តែធ្ងន់ធ្ងរ” ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia