(បរទេស) យោងតាមសារព័ត៏មានវៀតណាម Tuoi Tre ចេញផ្សាយកាលពីម្សិលមិញបានអោយដឹងថា កម្មវិធីបង់ប្រាក់ដោយស្កេនមុខ ឬហៅថា FacePay គឺបានបង្កើតឡើងដោយក្រុមហ៊ុនក្នុងស្រុកមួយមានឈ្មោះថា Wee Digital មានឈ្មោះថា FacePay វានឹងត្រូវដាក់អោយប្រើនៅតាមហាងទំនិញGS25 ជាង១០០កន្លែង នៅទីក្រុងហូជីងមិញនិងខេត្តប៊ិញដុងភាគខាងត្បូងនៅដើមឆ្នាំ២០២១។
ដើម្បីប្រើកម្មវិធីនេះមនុស្សនឹងត្រូវការដំឡើងវានៅលើស្មាតហ្វូនរបស់ពួកគេចុះឈ្មោះមុខរបស់ពួកគេបំពេញព័ត៌មានផ្ទាល់ខ្លួននិងភ្ជាប់កម្មវិធីជាមួយគណនីធនាគាររបស់ពួកគេ។ដំណើរការទូទាត់នឹងរួមបញ្ចូលទាំងបីជំហាន ដំបូងគឺត្រូវបញ្ជាក់ពីចំនួនទឹកប្រាក់នៃការទូទាត់បន្ទាប់មកបញ្ចូលពាក្យសម្ងាត់សុវត្ថិភាពរបស់ពួកគេហើយចុងក្រោយត្រូវស្កេនមុខរបស់ពួកគេ។
គេរំពឹងថា FacePay នឹងត្រូវបានប្រើនៅតាមហាងផ្សេងៗទៀតដូចជាហាងកាហ្វេ ភោជនីយដ្ឋាន និងកន្លែងលក់ទំនិញតាមអ៊ិនធឺរណែតនាពេលខាងមុខនេះ ជាពិសេសនៅក្នុងពេលដែលមានការរីករាលដាលជំងឺកូវីដ-១៩ វាគឺជារឿងល្អមួយក្នុងការជៀសវាងការប្រើប្រាស់សាច់ប្រាក់ដោយផ្ទាល់។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ tuoitrenews