នាយករដ្ឋមន្រ្តីជប៉ុន នឹងបញ្ចេញកញ្ចប់ថវិកា ៧០៨ពាន់លានដុល្លារ សំរាប់ជួយដល់សេដ្ឋកិច្ច
-

(បរទេស) នាយករដ្ឋមន្រ្តីជប៉ុនលោក យ៉ូស៊ីដេស៊ូ ស៊ូហ្កា(Yoshihide Suga) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសជប៉ុននឹងចងក្រងកញ្ចប់ថវិកាដើម្បីជំរុញសេដ្ឋកិច្ចថ្មីដែលមានចំនួន ៧៣,៦ ពាន់ពាន់លានយ៉េន(៧០៨ពាន់លានដុល្លារ)ដោយបង្ហាញនូវការប្តេជ្ញាចិត្តរបស់លោកក្នុងការទាញប្រទេសពីការធ្លាក់ចុះក្នុងវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ-១៩ នេះបើតាមការចុះផ្សាយរបស់សារព័ត៏មានCNA នៅព្រឹកថ្ងៃទី៨ធ្នូនេះ។

រដ្ឋាភិបាលគ្រោងនឹងបញ្ចប់ការពិភាក្សាកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចនៅថ្ងៃអង្គារនេះ ដែលនឹងអនុវត្តការបូកបញ្ជូលជាមួយកញ្ចប់ថវិកាចំនួន ២,២ ពាន់ពាន់លានដុល្លារពីកញ្ចប់មុនចំនួន ២ ដែលផ្តោតលើការដោះស្រាយភាពតានតឹងជាបន្ទាន់ទៅលើគ្រួសារនិងអាជីវកម្ម។លោកស៊ូហ្កា បានបន្តថា វិធានការជំរុញសេដ្ឋកិច្ចថ្មីនេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ជប៉ុនឡើងវិញ។

ដោយឡែក កញ្ចប់នេះទំនងជារួមបញ្ចូលការឧបត្ថម្ភធននិងការលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតកម្មដើម្បីជំរុញការវិនិយោគបៃតងនិងការចំណាយលើការធ្វើឌីជីថល។គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានស្ទុះងើបឡើងវិញនៅខែកក្កដា - កញ្ញាពីការធ្លាក់ចុះដ៏អាក្រក់បំផុតនៅក្នុងត្រីមាសទី ២ ទោះបីជាយ៉ាងណាអ្នកវិភាគជាច្រើនជឿថា ពរលកទី៣នេះ ធ្វើអោយសេដ្ឋកិច្ចជប៉ុននឹងអាចងើបឡើងវិញតិចតួចតែប៉ុណ្ណោះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia