(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន France24 នៅថ្ងៃទី១៧ធ្នូនេះបានអោយដឹងថា នាយករដ្ឋមន្រ្តីបារាំង លោក Jean Castex បាននិយាយកាលពីថ្ងៃពុធថាប្រជាជននៅប្រទេសបារាំងអាចចាប់ផ្តើមទទួលវ៉ាក់សាំង កូវីដ-១៩ ដែលបង្កើតដោយ Pfizer / BioNTech នៅសប្តាហ៍ចុងក្រោយនៃខែធ្នូប្រសិនបើអាជ្ញាធរសហភាពអឺរ៉ុបអនុម័តវានៅសប្តាហ៍ក្រោយ។
លោក Castex បានប្រាប់សភាថា យុទ្ធនាការចាក់វ៉ាក់សាំងនៅប្រទេសបារាំងអាចនឹងត្រូវចាប់ផ្តើមឡើងនៅខែមករាដោយក្រុមមនុស្សចាស់ បុគ្គលិកសុខាភិបាលនិងក្រុមមនុស្សងាយរងគ្រោះដទៃទៀតនឹងទទួលបានមុនគេ ហើយបារាំងបានបញ្ជាទិញវ៉ាក់សាំងចំនួន២០០លានដូសរួចរាល់ហើយ។
យ៉ាងណាមិញ រដ្ឋាភិបាលសង្ឃឹមថានឹងផ្តល់អំណោចដល់ពលរដ្ឋប្រហែលមួយលាននាក់នៅតាមមណ្ឌលថែទាំក្នុងអំឡុងខែមករានិងកុម្ភៈហើយបន្ទាប់មកនឹងមានប្រជាជន ១៤-១៥ លាននាក់ទៀតរួមទាំងប្រជាជនកាន់តែច្រើននៅចន្លោះខែមីនានិងមិថុនា។
គួរបញ្ជាក់ថា ប្រទេសបារាំងមានប្រជាជនសរុប៦៧លាននាក់ ហើយខ្លួនកំពុងរងចាំលទ្ធផលបន្ទាប់ពីកិច្ចប្រជុំទីភ្នាក់ងារថ្នាំអឺរ៉ុបនៅថ្ងៃទី២១ធ្នូនេះ ក្នុងការអនុម័តអោយប្រើប្រាស់វ៉ាក់សាំង ដោយសង្ឃឹមថានិងអាចពន្លឿនការផ្តល់វ៉ាក់សាំងដល់ពលរដ្ឋបារាំង។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ france24