(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNAកាលពីថ្ងៃទី២០ធ្នូម្សិលមិញបានអោយដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បាននិយាយកាលពីថ្ងៃអាទិត្យ (២០ ធ្នូ) ថារដ្ឋាភិបាលបានដាក់ចេញនូវការរឹតបន្តឹងពិធីបុណ្យណូអែលយ៉ាងតឹងរ៉ឹងបំផុតនៅទីក្រុងឡុងដ៏និងភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសដោយសារតែមេរោគទម្រង់ថ្មីនៃវីរុសនេះគឺ "មិនអាចគ្រប់គ្រងបាន" ។
លោកHancockបានថ្លែងប្រាប់សារព័ត៏មានក្នុងស្រុក Sky News ថា “ ទម្រង់ថ្មីនៃវីរុសកូរ៉ូណានៅអង់គ្លេសពេលនេះគឺមិនអាចគ្រប់គ្រងបានទេ។ពួកយើងចាំបាច់ត្រូវតែដាក់ចេញវិធានការណ៍តឹងរ៉ឹងបំផុត ដើម្បីអាចរក្សាស្ថិតស្ថេររហូតទាល់តែវ៉ាក់សាំងត្រូវបានដាក់ឱ្យដំណើរការពេញលេញ”។
លោកបានបន្តថា “ ករណីផ្ទុះគឺកើនឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែយើងសង្ឃឹមថាយើងអាចគ្រប់គ្រងស្ថានការណ៍បាន តែជាអកុសល ទម្រង់កូវីដថ្មីនេះ យើងគ្រប់គ្រងមិនបានទេ ប៉ុន្តែយើងនៅតែតម្រូវអោយពលរដ្ឋ “ស្នាក់នៅផ្ទះ” បិទហាងដែលមិនចាំបាច់បើទោះជាវាត្រូវប៉ះពាល់មួយភាគបីនៃប្រជាជនអង់គ្លេសសរុបក៏ដោយ”។
នាយករដ្ឋមន្រ្តី Boris Johnson បានប្រកាសកាលពីថ្ងៃសៅរ៍ថាមនុស្សរាប់លាននាក់ត្រូវតែលុបចោលផែនការបុណ្យណូអែលហើយស្នាក់នៅផ្ទះព្រោះ វីរុសកូរ៉ូណាទម្រង់ថ្មីនៅអង់គ្លេស កំពុងតែរីករាលដាលយ៉ាងឆាប់រហ័ស។ហើយក្នុងនោះមានប្រជាជនអង់គ្លេសប្រមាន១៦,៤លាននាក់បានចូលក្នុងវិធានការណ៍ “ថ្នាក់ទី៤” តឹងរ៉ឹងបំផុតចាប់ពីថ្ងៃអាទិត្យ គឺបានន័យថាជាពលរដ្ឋនៅទីក្រុងឡុងដ៏និងភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស នឹងត្រូវបិទទ្វារប្រទេសដែលបានចូលជាធរមានកាលពីថ្ងៃអាទិត្យម្សិលមិញ ពួកគេតម្រូវអោយស្នាក់នៅផ្ទះតែប៉ុណ្ណោះ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia