កាន់តែធ្ងន់ធ្ងរ! ថ្ងៃនេះថៃរកឃើញអ្នកឆ្លងកូវីដ-១៩ករណីថ្មីចំនួន ១៥៥ករណី ខណៈដល់ទៅ១៣៤ករណីជាការឆ្លងក្នុងសហគមន៍
-

(បរទេស) ក្រសួងសុខាភិបាលប្រទេសថៃនៅថ្ងៃអង្គារនេះបានរាយការណ៍ការឆ្លងកូវីដ-១៩ ចំនួន ១៥៥ ករណី ខណៈរហូតដល់ទៅ ១៣៤ករណីជាការឆ្លងលើពលរដ្ឋថៃក្នុងសហគមន៍ ១១នាក់ជាពលករចំណាកស្រុក និង១០នាក់ជាករណីនាំចូល នេះបើការចុះផ្សាយរបស់Bangkok Post នៅរសៀលថ្ងៃទី ២៩ ខែធ្នូនេះ។

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ បាននិយាយថា អ្នកឆ្លងក្នុងសហគមន៍ ភាគច្រើនគឺផ្សារភ្ជាប់នឹងការរីករាលដាល នៃការផ្ទុះឡើងនៅផ្សារបង្គាក្នុងខេត្តសាមុនសាខន និង ផ្សារភ្ជាប់ជាមួយនឹងក្រុមលេងល្បែ.ងស៊ីសងក្នុងខេត្តរ៉ាក់យ៉ង ដែលធ្វើអោយរឆ្លងរាលដាលដល់ខេត្តជាច្រើននៅក្នុងប្រទេសថៃ។

គួរបញ្ជាក់ថា លោកវេជ្ជបណ្ឌិតបានហៅការឆ្លងក្នុងសហគមន៍ក្នុងប្រទេសថៃនៅក្នុងពេលនេះ គឺ “ រាលដាលខ្លាំងបំផុត” ហើយគិតមកត្រឹមពេលនេះ ប្រទេសថៃមានអ្នកឆ្លងសរុបដល់ទៅចំនួន ៦,៤៤០ករណីឯណោះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bangkokpost