ភ្នំពេញ៖ ពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបហើយថាបទចម្រៀងមួយបទដែលមានចំណងជើងថា”យប់នេះខ្ញុំចង់ញ៉ាំស្រា” ពេលនេះកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុកជាពិសេស Tik Tokក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ចំណែកឯម្ចាស់បទចម្រៀងខាងលើនេះមានឈ្មោះថា អ្នកនាង កាក់ ចន្ធី គឺជាតារាចម្រៀងល្បីនិយមច្រៀងបទចម្រៀងចង្វាក់ រ៉ុកខេនរ៉ូលនិងធ្លាប់មានប្រវត្តិកម្សត់ បានបាត់បង់ជីវិតអស់រយៈពេលប្រមាណ ២ឆ្នាំហើយ ដោយបន្សល់តែបទចម្រៀងជាច្រើន ដែលក្នុងចំណោមនោះ មានខ្លះ បាន និងកំពុងល្បីខ្លាំងនៅលើបណ្ដាញសង្គម Tik Tok។ ជាការសោកស្តាយដែលបទចម្រៀងរបស់អ្នកនាងដែលកំពុងទទួលបានការគាំទ្រច្រើនបែបជាមិនត្រូវបានបង្ហាញមុខលើឆាកតន្ត្រីច្រើនទៅវិញ។

កាក់ ចន្ធី ជាតារាចម្រៀងរ៉ុកឃែនខេនរ៉ូលខ្មែរតែមានប្រជាប្រិយភាពលើឆាកអន្តរជាតិ ដែលមានកំណើតពីទឹកដីខេត្តព្រៃវែងស្រុកកំពង់ត្របែក។ មិនល្បីខ្លាំងក្នុងស្រុក ប៉ុន្តែអ្នកនាងមានការពេញនិយមខ្លាំងនៅបរទេស ពិសេសប្រទេសបារាំង និងសហរដ្ឋអាមេរិក ដែលអ្នកនាងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវអន្តរជាតិ ហើយនោះ ជាហេតុដែលអ្នកនាងជារឿយៗត្រូវបានទទួលការអញ្ជើញទៅចេញច្រៀងនៅក្រៅប្រទេសជាញឹកញាប់ ៕



