លោកស្រី ឱ វណ្ណឌីន៖ ចិននឹងផ្តល់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩ ក្នុងដំណាក់កាលដំបូង ចំនួន៣០ម៉ឺនដូស នឹងមកដល់កម្ពុជា នាកំឡុងខែកុម្ភៈនេះហើយ
ស៊ីហៀង
-

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ឲ្យដឹងថា វ៉ាក់សាំងប្រឆាំង ជំងឺកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូហ្វាម នឹងមកដល់កម្ពុជា នាកំឡុងខែកុម្ភៈ ឆ្នាំ២០២១នេះ ។ ដំណាក់ដំបូង នេះ ចិននឹងបញ្ជូនវ៉ាក់សាំងចំនួន៣០ម៉ឺនដូស មកដល់កម្ពុជា។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ស៊ីណូហ្វាម គឺជាវ៉ាក់សាំងមួយដែលមានកម្រិតប្រសិទ្ធភាពរហូតដល់ទៅ៧៩.៣៤ភាគរយ។ បច្ចុប្បន្នវ៉ាក់សាំងនេះ ត្រូវបានដាក់ឲ្យអង្គការសុខភាពពិភពលោក ហើយអាចនឹងមានការវាយតម្លៃ និងអនុញ្ញាតឲ្យប្រើប្រាស់នាពេលខាងមុខផងដែរ។

លោកស្រី បានបន្ថែមទៀតថា ដើម្បីឲ្យមានប្រសិទ្ធភាព ខ្ពស់ការចាក់វ៉ាក់សាំងនេះ តម្រូវឲ្យចាក់ចំនួនពីរដូស ហើយគម្លាតរយៈពេលពីដូសទី១ទៅដូសទី២ មានរយៈ២១ថ្ងៃ។ លោកស្រី ប្រាប់ទៀតថា បច្ចុប្បន្នវ៉ាក់សាំងកូវីដ១៩ ត្រូវបានប្រើប្រាស់ជាង២២៣លានដូសហើយ នៅប្រទេសជាច្រើននៅលើពិភពលោក ទាំងនៅតំបន់អាស៊ី មជ្ឈឹមបូព៌ា អាហ្វ្រិក អាមេរិកឡាទិន និងអឺរ៉ុបផងដែរ។ ហើយមកដល់ពេលបច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម មិនទាន់មានសេចក្តីរាយការណ៍ថា មានបញ្ហាក្រោយចាក់ទៅលើមនុស្សនៅឡើយនោះទេ។

លោកស្រី បានបន្តទៀតថា​ក្រៅពីការទទួលបានវ៉ាក់សាំងពីចិនហើយនោះ លោក បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល ក៏បានស្នើទៅរដ្ឋាភិបាលចិន ផ្តល់អ្នកជំនាញបច្ចេកលើការប្រើប្រាស់វ៉ាក់សាំងនេះមកកម្ពុជា ដើម្បីជួយដល់ដំណើរការនៃការចាក់វ៉ាក់សាំងនាពេលខាងមុខផងដែរ។