រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវ ដល់អ្នកដែលបានចូលរួមក្នុងមង្គលការ និងអ្នកពាក់ព័ន្ធនៅស្រុកកងមាស ទៅពិនិត្យសុខភាព ក្រោយរកឃើញថា បុរសកើតកូវីដ១៩ បានទៅចូលរួម
ស៊ីហៀង
-

រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តកំពង់ចាម ពិសេសប្រជាពលរដ្ឋនៅស្រុកកងមាស ខេត្តកំពង់ចាម ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ នៅភូមិកោះតូច ឃុំពាមជីកង ស្រុងកងមាស កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ ពាក់ព័ន្ធនឹងហេតុការណ៍នេះ មានបុរសជនជាតិខ្មែរម្នាក់ រស់នៅសង្កាតទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​បានមកចូលរួមអាពាហ៍ពិពាហ៍ក្មួយ។ 

បន្ទាប់ពីទទួលបានព័ត៏មានពីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរកឃើញបុរសម្នាក់ដែលបានមកចូលរួមក្នុងពិធីមង្គលការនេះ មានផ្ទុកវីរុសកូវីដ ១៩។ រដ្ឋបានខេត្ត បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឲ្យដឹកនាំមន្រ្តីចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ក្នុងនោះអ្នកពាក់ព័ន្ធរួមមានៈ

១. ឪពុក-ម្តាយ កូនក្រមុំ ដែលបន្ទាប់ពីថ្ងៃមង្គលការរួច បានត្រឡប់ទៅរាជធានីភ្នំពេញវិញ និងស្នាក់នៅម្តុំក្រោយមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

២. ឪពុក-ម្តាយ កូនកំលោះ បានត្រឡប់ទៅស្រុកវិញ នៅភូមិត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។

៣. កូនកំលោះ កូនក្រមុំ និងអ្នកកំដរ បានត្រឡប់ទៅភ្នំពេញវិញ។

៤. អ្នករួមតុជាមួយផ្ទាល់ៈ មានក្រុមអ្នកសំអាងការ និងអ្នកថតរូប រស់នៅក្នុងភូមិព្រៃទទឹង និងភូមិវាលស្បូវ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ព្រមទាំងប្រជាពលរដ្ឋ ចំនួន០២នាក់ផ្សេងទៀត រស់នៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស។

៥. ចុងភៅ អ្នកលើកម្ហូប និងមេចុងភៅ រស់នៅភូមិត្រើយបឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ។

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវ ដល់អ្នកដែលបានចូលរួមក្នុងមង្គលការ និងអ្នកពាក់ព័ន្ធនៅស្រុកកងមាស ទៅពិនិត្យសុខភាព និងយកសំណាកនៅទីតាំងដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស។ ចំពោះអ្នកពាក់ព័ន្ធនៅស្រុកស្រីសន្ធរ មកពិនិត្យសុខភាព យកសំណាកនៅមណ្ឌលសុខភាពស្វាយខ្សាច់ភ្នំ នៅភូមិស្វាយកណ្តាល ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ។ 

ដោយឡែកចំពោះបងប្អូនដែលមិនស្ថិតក្នុងស្រុកទាំងពីរខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅតាមមណ្ឌលសុខភាព នៅជិតកន្លែងបងប្អូនស្នាក់នៅ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តខ្ជាប់ខ្ជួននូវវិធានការការពារ ដោយឡែកបងប្អូនដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងបុរសខាងលើ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺដ៏ប្រល័យនេះ៕