បរទេស៖ នៅថ្ងៃទី 14 ខែធ្នូ ឆ្នាំ 2021 គេហទំព័រ Express និង Dialymail របស់សារព័ត៌មានប្រទេសអង់គ្លេស បានរាយការណ៍ថា លោកវេជ្ជបណ្ឌិត Paul Burton ប្រធានផ្នែកវេជ្ជសាស្រ្តនៃក្រុមហ៊ុន Moderna ដែលជាក្រុមហ៊ុនផលិតថ្នាំ និងវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក បានចេញមកបង្ហាញពីកង្វល់របស់ពួកគេ នៅក្នុងករណីនៃមេរោគកូវីដ-19 ប្រភេទ Delta (Delta) និង Omicron (Omicron) ដែលបច្ចុប្បន្នកំពុងរីករាលដាលជាមួយគ្នានៃវីរុសទាំងពីរនេះនៅក្នុងចក្រភពអង់គ្លេស។
លោកវេជ្ជបណ្ឌិត Paul Burton បានព្រមានថា មានលទ្ធភាពដែលថា DNA នៃវីរុសប្រភេទ delta និង omikron អាចមានលទ្ធភាពខ្ពស់ក្នុងការផ្លាស់ប្តូរ និងលាយបញ្ចូលគ្នាដើម្បីបង្កើតប្រភេទមេរោគថ្មីមួយទៀត ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងជាងនេះ ប្រសិនបើមានផ្ទុកនូវវីរុស២ប្រភេទនេះ នៅក្នុងកោសិកាតែមួយ។
លោកបានបន្ថែមថា ជាធម្មតាការឆ្លងមេរោគដែលបណ្តាលឱ្យមានជំងឺcovid 19 នៅក្នុងអ្នកជំងឺម្នាក់ វាត្រូវបានបង្កឡើងដោយវីរុសតែមួយប្រភេទ។ ប៉ុន្តែក្នុងករណីដ៏កម្រ វាអាចទៅរួចដែលអ្នកជំងឺខ្លះអាចត្រូវបានវាយប្រហារដោយវីរុសពីរប្រភេទក្នុងពេលតែមួយ ជាពិសេសអ្នកដែលមានប្រព័ន្ធការពារខ្សោយ ដែលអាចធ្វើឲ្យវីរុសទាំងពីរប្រភេទនេះអាចឆ្លងចូលបាន។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ ភាគច្រើន មេរោគ COVID-19 ពឹងផ្អែកលើការផ្លាស់ប្តូរដោយចៃដន្យ ដើម្បីបង្កើតប្រភេទថ្មី ចំពោះការផ្លាស់ប្តូរ DNA អន្តរប្រភេទ អាចធ្វើទៅបានតាមបែប វិទ្យាសាស្ត្រ ប៉ុន្តែត្រូវតែមានលក្ខខណ្ឌជាក់លាក់ និងកត្តាផ្សេងៗទៀតដែលមិនអាចគ្រប់គ្រងបាន។
ផងដែរក្នុងអំឡុងពេលផ្ទុះមេរោគពីមុន វីរុសប្រភេទ Delta ដែលវិវត្តន៏មកពីវីរុសប្រភេទ Alfa (អាល់ហ្វា) រហូតមកដល់ពេលនេះ គឺធ្វើការផ្លាស់ប្ដូរ DNA ក្នុងពូជតែមួយតែប៉ុណ្ណោះ ដោយមិនទាន់មានរបាយការណ៍នៃការលាយចូលគ្នានៃវីរុសពីរប្រភេទ ដែលបង្កើតបានជាប្រភេទវីរុសថ្មីនៅឡើយនោះទេ។
សម្រាប់ចក្រភពអង់គ្លេសឥឡូវនេះមានករណីអ្នកឆ្លង វីរុស Omicron ចំនួន 4,713 ដែលស្មើនឹងមួយភាគប្រាំនៃចំនួនករណីសរុបទូទាំងប្រទេស៕
សម្រួលអត្ថបទដោយ៖ qi an
ប្រភព៖ Express.UK/ Daily Mail