ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល២០ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៤០នាក់ ក្នុងនោះករណីនាំចូលចំនួន១៥នាក់ និងឆ្លងក្នុងសហគមន៍២៥នាក់, អ្នកជំងឺចំនួន១៩នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២១,០៦៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,២៣២នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់។
នៅមុននេះបន្តិច រកឃើញស្ត្រីម្នាក់ដោយលទ្ធផលបញ្ជាក់វិជ្ជមានអូមីក្រុង នៅទីតាំងផ្ទះជួល ក្រុមទី៤ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ។ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ក្រោយពីទទួលបានពត៌មាន រកឃើញស្ត្រីម្នាក់ដោយលទ្ធផលបញ្ជាក់វិជ្ជមានវីរុសបម្លែងខ្លួនថ្មី អូមីក្រុង ក្រុមការងារសង្កាត់ ភូមិ បានចុះពិនិត្យមើលដល់ទីផ្ទះជួលដោយហេតុ ផ្ទះជួលមិនអំណោយផល មានបន្ទប់ជួលច្រើន ទើបស្នើសុំរថយន្តមន្ទីរសុខាភិបាលនៃរាជធានីភ្នំពេញ បញ្ជូនអ្នកជម្ងឺ ទៅកាន់មណ្ឌលព្យាបាល៕