ថៃ៖ បើយើងសង្កេតមើលបច្ចុប្បន្នវីរុសបំប្លែងខ្លួនថ្មី អូមេក្រុង ហាក់មានការឆ្លងខ្ពស់ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ជាពិសេសកុមារតូចៗអាចនឹងមានហានិភ័យខ្លាំងជាងមនុស្សពេញវ័យ ស្របពេលដែលពួកគេមិនទាន់ទទួលបាននូវវ៉ាក់សាំងសម្រាប់ធ្វើការការពារនៅឡើយ។
យ៉ាងណាមិញបើយោងតាមមន្ទីរពេទ្យស្រាវជ្រាវមួយនៅក្នុងប្រទេសថៃ Samitivej Sukhumvit ពីវេជ្ជបណ្ឌិតផ្នែករោគឆ្លងកុមារលោក Passorn Bunyahotra បានបញ្ជាក់ថា ការឆ្លងចំពោះវីរុសបំលែងខ្លួនថ្មីអូមេក្រុងចំពោះកុមារតូចៗនៅតែជាហានិភ័យខ្ពស់ បើប្រៀបធៀបជាមួយមនុស្សធំពេញវ័យ។
លោកវេជ្ជបណ្ឌិត ខាងលើក៏បានរៀបរាប់បន្ថែមថា អាការះនៃការឆ្លងជំងឺអូមេក្រុងទៅលើកុមារ អាចនឹងលេចចេញនូវអាការះមួយចំនួនដូចជា ក្ដៅខ្លួនខ្លាំង ឡើងកន្ទួល ភ្នែកក្រហម បបូរមាត់ក្រហម ក្នុងករណីកុមារមានអាការះរោគសញ្ញា ខុសប្រក្រតីខ្លាំងអាចបង្កឲ្យរលាកសរីរាង្គ និងប្រពន្ធ័នានាក្នុងរាងកាយ ដោយសារតែប្រព័ន្ធភាពស៊ាំខុសប្រក្រតី ដែលអាចបណ្ដាលឲ្យឈានចូលដល់បន្ទប់សង្គ្រោះបន្ទាន់ផងដែរ។
ក្នុងកំឡុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងសុខាភិបាលបានចេញសេចក្ដីរាយការណ៍ក្នុងការប្រកាសផ្ដល់នូវការចាក់វ៉ាក់សាំងបង្ការដល់កុមារតូចដែលមានអាយុ ពី ០៣ ឆ្នាំ ដល់ ០៥ឆ្នាំ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី ២៣ ខែកុម្ភៈ និងដូសទី២ ចាប់ផ្តើមពីថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២២ សូមបងប្អូនពុកម៉ែមេត្ដារួសរាន់យកកូនទៅចាក់វ៉ាក់សាំង ដើម្បីធ្វើការការពារពីជំងឺកូវីដ១៩ និងវីរុសបំលែងខ្លួនថ្មីអូមេក្រុងផងដែរ។
សម្រួលអត្ថបទដោយ៖ qi an
ប្រភព៖ Bangkok Post