ចិនឆ្វែលមើលតៃវ៉ាន់ដោយក្ដីស្រេកឃ្លាន ស្របពេលឃើញរុស្ស៊ីកំពុងវាយប្រហារទៅលើប្រទេសអ៊ុយក្រែន
Sophea
-

ទីក្រុងតៃប៉ិ ៖ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅថ្ងៃព្រហស្បត្តិ៍ (ថ្ងៃទី ២៤ ខែកុម្ភៈ) ថា កងទ័ពអាកាសរបស់តៃវ៉ាន់បានចេញប្រតិបត្ដិការម្តងទៀតនៅថ្ងៃព្រហស្បតិ៍ (២៤ កុម្ភៈ) ដើម្បីព្រមានយន្តហោះចិនចំនួន ៩ គ្រឿង ដែលបានចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន នៅថ្ងៃតែមួយដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ដែលជាវិបត្តិកំពុងត្រូវបានឃ្លាំមើលយ៉ាងជិតស្និទ្ធនៅក្នុងទីក្រុងតៃប៉ិ។ តៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរពីបេសកកម្មបែបនេះជាប្រចាំរបស់កងទ័ពអាកាសចិន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ទោះបីជាយន្តហោះនេះមិនបានចូលទៅជិតតៃវ៉ាន់ក៏ដោយ។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា បេសកកម្មចុងក្រោយនេះ ពាក់ព័ន្ធនឹងយន្តហោះចម្បាំង J-16 របស់ចិនចំនួនប្រាំបីគ្រឿង និងយន្តហោះឈ្លបយកការណ៍ Y-8 មួយគ្រឿង ដែលបានហោះពីលើតំបន់មួយទៅកាន់ភាគឦសាននៃប្រជុំកោះ Pratas ដែលគ្រប់គ្រងដោយតៃវ៉ាន់ នៅចុងកំពូលនៃសមុទ្រចិនខាងត្បូង។

ក្រសួងការពារជាតិតៃវ៉ាន់បានបន្ថែមថា យន្តហោះចម្បាំងតៃវ៉ាន់ត្រូវបានបញ្ជូនឡើងដើម្បីព្រមានយន្តហោះចិន ហើយមីស៊ីលការពារដែនអាកាសត្រូវបានដាក់ពង្រាយដើម្បី "តាមដានសកម្មភាព" អំពីការឈ្លានពាននេះ ដោយត្រូវធ្វើការឆ្លើយតបឲ្យបានទាន់ពេល ក្នុងគ្រាអាសន្នណាមួយ ។ តៃវ៉ាន់​បាន​កំពុង​ឃ្លាំមើល​វិបត្តិ​អ៊ុយក្រែន​ដោយ​ភ័យ​ខ្លាច​ថា ចិន​អាច​នឹង​ព្យាយាម​ទាញ​យក​ប្រយោជន៍​ដើម្បី​បង្វែភ្នែកអន្ដរជាតិក្នុងការផ្លាស់ទីកងកម្លាំងរបស់ខ្លួនមក​លើ​កោះមួយ​នេះ។

ប្រែសម្រួល៖ qi an

ប្រភព៖ CNA