ទីក្រុងកៀវ៖ គិតមកទល់និងពេលនេះសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនបានអូសបន្លាយមកដល់ថ្ងៃទី ៥ ហើយ ។ ដោយក្នុងពេលនេះទាហានរបស់ប្រទេសរុស្ស៊ីបានសម្រុកចូលមកដល់កាន់តែជ្រៅនៃខ្សែបន្ទាត់ការពាររបស់ទីក្រុងកៀវ និងបានធ្វើការវាយលុកចូលទៅដល់ទីក្រុងធំទី ២របស់ប្រទេសអ៊ុយក្រែនផងដែរ។


ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទក្នុងសុន្ទរកថាវីដេអូមួយថា "ខ្ញុំជឿថាប្រទេសរុស្ស៊ីកំពុងព្យាយាមដាក់សម្ពាធ (លើអ៊ុយក្រែន) ជាមួយនឹងវិធីសាស្រ្តដ៏សាមញ្ញនេះ ដើម្បីឲ្យអ៊ុយក្រែនសុំធ្វើការចុះចាញ់ " ។ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចពិភាក្សារយៈពេលជាច្រើនម៉ោងដែលបានធ្វើឡើងមុននេះទេ ប៉ុន្តែបាននិយាយថា ក្រុងកៀវមិនបានត្រៀមខ្លួនក្នុងការចុះចាញ់ និងមានភាពភ័យខ្លាចនោះឡើយ ខណះដែលភាគីទាំងសងខាងកំពុងផ្លោងគ្រាប់រ៉ុក្កែតដាក់គ្នាទៅវិញទៅមក ។



ប្រធានាធិបតីរូបនេះបានរៀបរាប់បន្ដទៀតថា នៅក្នុងការអំពាវនាវដោយផ្ទាល់ទៅកាន់កងទ័ពរុស្ស៊ី លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្រាប់ពួកគេឱ្យ "ទម្លាក់អាវុធរបស់អ្នក ហើយចាកចេញ" ។ នៅក្នុងការនិយាយជាភាសារុស្សី លោក Zelensky និយាយថា ទាហានរុស្ស៊ី៤.៥០០នាក់ត្រូវបានសម្លាប់រហូតមកដល់ពេលនេះ ។ ដោយគាត់បន្ដថា៖ «កុំជឿលើមេបញ្ជាការរបស់អ្នក កុំជឿលើការឃោសនាបោកប្រាស់ "ចូររក្សានិងសង្គ្រោះជីវិតរបស់អ្នក ហើយសូមត្រលប់ចាកចេញទៅវិញចុះ ”។





ប្រែសម្រួល៖ qi an
ប្រភព៖ The Kyiv Independent