ហុងកុង៖ កាលពីថ្ងៃច័ន្ឌនិងម្សិលមិញថ្ងៃអង្គារ ប្រជាជនហុងកុងជាច្រើននាក់បាននាំគ្នាចូលសម្រុកទៅទិញស្បៀងអាហារនៅក្នុងហាងទំនិញនានាក្រោយពីពួកគេបារម្ភថាទីក្រុងអាចនឹងត្រូវបានធ្វើការបិទខ្ទប់ម្ដងទៀត ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ ដោយទំនិញនានានៅក្នុងហាងត្រូវបានប្រជាជននាំគ្នាទិញ គ្មានសេសសល់នោះឡើយ។
បើយោងតាមកាសែត South China Morning Post (SCMP) បានបង្ហាញថាការដែលប្រជាជននាំគ្នាសម្រុកទៅទិញស្បៀងអស់ពីហាងទំនិញគ្មានសល់ បន្ទាប់ពីលេខាធិការចំណីអាហារ និងសុខភាព អ្នកស្រី Sophia Chan បាននិយាយនៅក្នុងកម្មវិធីវិទ្យុមួយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលកំពុងពិចារណាពីលទ្ធភាពនៃការបិទទ្វារទូទាំងទីក្រុងម្ដងទៀត ដោយបច្ចប្បុន្នអាត្រាអ្នកឆ្លងជំងឺកូវីដ១៩មានសន្ទុះខ្ពស់។
ទីក្រុងហុងកុងបានឃើញការកើនឡើងនៃករណី COVID-19 ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយរាយការណ៍ថាមានករណីចំនួន ៣៤,៤៦៦ ករណីកាលពីថ្ងៃចន្ទ។ កាលពីថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនបានរាយការណ៍ថា ការបិទខ្ទប់ក្រុងនឹងត្រូវបានអនុវត្តក្នុងពេលឆាប់ៗនេះនៅក្នុងទីក្រុងហុងកុង។
ប្រែសម្រួល៖ qi an
ប្រភព៖ Yahoo