នេះបើយោងតាមការសម្ភាសន៍ផ្ទាល់ពីសារព័ត៌មាន BBC ជាមួយបុរសសញ្ជាតិកាណាដាម្នាក់កំពុងតែធ្វើការស្ម័គ្រចិត្ដចូលរួមធ្វើទាហានជាមួយប្រទេសអ៊ុយក្រែន ក្រោយពីមានការប្រកាសពីសំណាក់រាជរដ្ឋាភិបាលប្រទេសអ៊ុយក្រែនកាលពីសប្ដាហ៍មុន។ បុរសរូបនោះមានឈ្មោះថា nthony Walker អាយុ ២៩ឆ្នាំ រស់នៅក្នុងទីក្រុង Toronto ប្រទេសកាណាដា លោកគឺជានិស្សិតសកលវិទ្យាល័យ និងជាតារាកំប្លែង ដ៏ល្បីល្បាញ ដែលតែងតែធ្វើការត្រូលមេដឹកនាំនានា ជាពិសេសលោកអតីតប្រធានាធិបតី សហរដ្ឋអាមេរិកDonald Trump ដោយនៅលើបណ្ដាញសង្គមអ៊ីនធើណេតរបស់លោកមានអ្នកគាំទ្ររហូតដល់ 100,000 មិនតែប៉ុណ្ណោះបុរសរូបនេះគឺជាសកម្មជនដ៏លេចធ្លោក្នុងការប្រឆាំងតវ៉ានានា ជាពិសេសរូបគេក៏អាចធ្វើការបើកឡានធំៗបានផងដែរ។
នៅក្នុងបទសម្ភាសន៍ជាមួយ BBC បុរសរូបនោះបាននិយាយថា លោកមិនខ្លាចនោះឡើយ ដែលស្ម័គ្រមកធ្វើទាហានស្ម័គ្រចិត្ដជាមួយប្រទេសអ៊ុយក្រែន លោកបានធ្វើដំណើរអស់ប្រមាណ ៨,០០០គីឡូម៉ែត្រ ដោយពេលឥលូវនេះលោកបានមកដល់ព្រំដែនប្រទេសប៉ូឡូញ-អ៊ុយក្រែន និងបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការប្រយុទ្ធមួយនេះ ។ នៅក្នុងនោះដែរ លោកបាននិយាយថាបើទោះបីជាខ្លួនគ្មានបទពិសោធន៍នៅក្នុងការប្រយុទ្ធនៅក្នុងសមរភូមិក៏ដោយ ក៏លោកអាចធ្វើជាអ្នកបើកឡានយោធាក្នុងការផ្គត់ផ្គង់សម្ភារៈជួយទៅដល់កងទ័ពអ៊ុយក្រែនបានផងដែរ ជាពិសេសលោកក៏ចេះនូវជំនាញនៅក្នុងការសង្គ្រោះបឋមខ្លះៗដែរ។
លោកក៏បាននិយាយបន្ថែមថា នេះមិនមែនជាការគាំទ្ររបស់រដ្ឋាភិបាលកាណាដា ក្នុងការអនុញ្ញាតិឲ្យចូលរួមនៅក្នុងសកម្មភាពដ៏គ្រោះថា្នក់មួយនេះឡើយ ពោលគឺលោកជាអ្នកស្ម័គ្រចិត្ដដោយខ្លួន ជាពិសេសប្រពន្ធនិងកូនស្រីរបស់លោកក៏បានដឹងអំពីដំណឹងដែលលោកមកស្ម័គ្រចិត្ដជួយប្រទេសអ៊ុយក្រែនផងដែរ បើទោះបីជាប្រពន្ធនិងម្ដាយឪពុករបស់លោកមិនយល់ព្រមក៏ដោយ ក៏ពួកគេបានយល់ពីស្ថានការណ៍មួយនេះផងដែរ។ លោកបន្ដថា បើទោះបីជាខ្លួនរស់នៅក្នុងប្រទេសស៊ីវីល័យក៏ដោយ មានស្ថេរភាព សម្បូរសប្បាយក៏ពិតមែន ប្រសិនជាប្រទេសកាណាដាជួបប្រទះនឹងបញ្ហាដូចអ៊ុយក្រែនពួកយើងក៏ត្រូវការការជួយពីអ្នកទាំងអស់គ្នាផងដែរ វាមិនខុសពីអ្វីដែលលោកកំពុងធ្វើនៅពេលនេះឡើយ បើទោះបីជាលោកមិនមែនជាជនជាតិអ៊ុយក្រែនក៏ដោយ ប៉ុន្ដែលោកក៏ជាមនុស្សលោកដែលរស់នៅលើផែនដីនេះផងដែរ។
ប្រែសម្រួល៖ qi an
ប្រភព៖ BBC