តារាសម្ដែងថៃ Nida Patcharaveerapong អាយុ 37 ឆ្នាំ ដែលគេស្គាល់ជាទូទៅថា Tangmo បានបាត់ខ្លួនដំបូងកាលពីថ្ងៃព្រហស្បតិ៍ (24 កុម្ភៈ) បន្ទាប់ពីធ្លាក់ពីលើទូកល្បឿនលឿនកំលុងពេលកំពុងធ្វើដំណើរតាមដងទន្លេ Chao Phraya ក្នុងទីក្រុងបាងកក។ សាកសពរបស់នាងត្រូវបានរកឃើញកាលពីថ្ងៃសៅរ៍ នៅចម្ងាយប្រហែល ១ គីឡូម៉ែត្រពីកន្លែងដែលនាងបានធ្លាក់ចុះ។
មូលហេតុផ្លូវការនៃការស្លាប់របស់នាងគឺដោយការលង់ទឹក ដោយពេលនេះប៉ូលីសនៅតែបន្ដស៊ើបអង្កេតពីកាលៈទេសៈអាថ៌កំបាំងជុំវិញការស្លាប់របស់នាងបន្ថែមទៀត។ ករណីនៃរឿងមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសថៃ ជាពិសេសចំពោះការលើកឡើងរបស់សាក្សីដែលមិនស៊ីសង្វាក់គ្នានិងផ្ទុយគ្នា។
នៅក្នុងកន្លែងកើតហេតុមានបុគ្គលប្រាំនាក់ផ្សេងទៀតដែលបាននៅលើទូកជាមួយ Tangmo រួមទាំងអ្នកគ្រប់គ្រងរបស់នាង Itsarin “Gatick” Jutasuksawat ។ តាមព័ត៌មានដែលសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា អ្នកបើកបរកាណូតល្បឿនលឿនមិនមានប័ណ្ណបើកបរត្រឹមត្រូវនោះឡើយ ។
វីដេអូមួយដែលត្រូវបានគេជឿថាជាវីដេអូ Tangmo កំលុងពេលកំពុងមានភាពសប្បាយរីករាយនឹងពេលវេលារបស់នាងនៅលើទូកលឿនមុនពេលកើតហេតុនោះ ត្រូវបានបង្ហោះតាមអ៊ីនធឺណិតដោយប្រភពមិនស្គាល់មួយ។ Tangmo បានឡើងលើកាណូតល្បឿនលឿននៅម៉ោងប្រហែល 9 យប់នៅយប់នោះ ហើយត្រូវបានគេជឿថាបានធ្លាក់ចូលទៅក្នុងទន្លេនៅម៉ោង 10:40 យប់ នេះបើយោងតាមសេចក្តីរាយការណ៍ពីកាសែតបាងកកប៉ុស្តិ៍ដោយថា នាងមិនបានពាក់អាវពោងនោះឡើយ នៅពេលដែលនាងធ្លាក់ចូលក្នុងទឹកទន្លេ។
គ្រូពេទ្យជំនាញបានរកឃើញស្នាមរបួសយ៉ាងជ្រៅលើជើងតារាស្រី។ ទោះយ៉ាងណាក៏ដោយ ពួកគេមិនអាចកំណត់បានថាតើវាបណ្តាលមកពីការដែល Tangmo ធ្លាក់ពីកាណូតចូលទឹកទន្លេ ឬក៏ប៉ះអ្វីផ្សេងនៅឡើយ។ រហូតមកទល់ពេលនេះ គេនៅមិនទាន់អាចសន្និដ្ឋានបានថា តើតារាស្រីរូបនេះ ធ្លាក់ចូលទឹកទន្លេ ឬក៏មានរឿងអ្វីដែលនៅពាក់ព័ន្ធពីក្រោយ។
យោងតាមសក្ខីកម្មរបស់អ្នកដែលជិះទូកបាននិយាយថាពួកគេបាននាំគ្នាយកស្រាមកផឹកនៅលើទូក ហើយទោះបីជាពួកគេបានផឹកក៏ដោយ ក៏គ្មាននរណាម្នាក់ស្រវឹងនៅពេលជិះដែរ។ នៅពេលមួយយប់ Tangmo ត្រូវការប្រើបង្គន់ ប៉ុន្តែបង្គន់នៅលើទូកមិនដំណើរការទេ។ នាងដើរទៅខាងក្រោយទូកដើម្បីធ្វើការដោះទាល់ តែជាអកុសល នាងធ្លាក់ចូលទៅក្នុងទន្លេ។
សាក្សីម្នាក់បានអះអាងថា នាងបានឃើញ Tangmo ធ្លាក់ចូលទៅក្នុងទន្លេ ហើយភ្លាមនោះអ្នកនៅលើទូកក៏បានលើកបន្លឺស៉ឺរ៉ែន ហៅជំនួយ ទោះយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់បានឮការសុំជំនួយរបស់ពួកគេនោះឡើយ ដោយសារតែសម្លេងតន្ត្រីនៅលើទូកមានសំឡេងខ្លាំងពេក។
អ្នកបើកទូកតាមសេចក្តីរាយការណ៍បាននិយាយថា Tangmo "ប្រហែលជាធ្លាក់ក្នុងទឹកទន្លេ ដោយសារផ្ទៃទូកសើម រអិល ម្យ៉ាងគេឃើញថាតារាស្រីរូបនោះពាក់ស្បែកជើងកែងខ្ពស់ថែមទៀត " ។ ពេលនេះមានសមាជិកម្នាក់ទៀតបានអះអាងថាគេបានឃើញ Tangmo កំពុងមើលទូរស័ព្ទដៃរបស់នាង ។ នៅពេលដែលនាងធ្លាក់ចូលទៅក្នុងទន្លេ ហើយបានព្យាយាមចាប់ជើងអ្នកគ្រប់គ្រងរបស់នាង នៅពេលដែលនាងបាត់បង់តុល្យភាពក្នុងការចាប់តោង រហូតដល់ធ្លាក់ចូលក្នុងទឹក ។
ជាមួយគ្នានេះដែរ អ្នកគ្រប់គ្រងរបស់ Tangmo គឺនាង Gatick ត្រូវបានគេនិយាយថា នឹងបានអះអាងថា រូបគេមិនបាន ពាក់អាវពោងនោះឡើយ ដោយសារតែនាងចង់ថតរូបខ្លួនឯងឲ្យបានស្រស់ស្អាត។ Gatick ក៏បានអះអាងប្រាប់ម្ដាយ Tangmo ថារូបគេក៏មិនចេះហែលទឹកនោះដែរ។ ប៉ុន្តែម្តាយរបស់ Tangmo ចាប់តាំងពីពេលនោះមកបានបដិសេធការអះអាងរបស់ Gatick នឹងបានថានាងគឺជាមនុស្សកុហក ដែលថានាងមិនចេះហែលទឹក តាមពិតនាងជាអ្នកហែលទឹកដ៏ជំនាញម្នាក់ និងថាជាមនុស្សដែលមិនស្មោះត្រង់ គួរឱ្យស្អប់ ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ម្តាយរបស់ Tangmo ជឿថាការនិយាយកុហករបស់ពួកនាង Gatick គឺពាក់ព័ន្ធនឹងការស្លាប់របស់កូនស្រីរបស់គាត់។ ម្តាយរបស់ Tangmo បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាគាត់មិនជឿថា ពួកអ្នកដែលដើរលេងជាមួយកូនខ្លួននៅលើទូក "មិនអាចធ្វើការទាក់ទងបានរាប់ម៉ោង" បន្ទាប់ពី Tangmo បានធ្លាក់ចូលទៅក្នុងទន្លេ ។
ប្រែសម្រួល៖ qi an
ប្រភព៖ 8days.sg