ប្តីប្រពន្ធជនជាតិអ៊ុយក្រែនដែលនៅជាមួយគ្នាអស់រយៈពេល 22 ឆ្នាំហើយបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី ដោយបានរៀបការនៅជួរមុខនៃសង្គ្រាម។ នាង Lesia Ivashchenko បានចាកចេញពីការងាររបស់នាងនៅពេលដែលសង្រ្គាមជាមួយរុស្ស៊ីបានចាប់ផ្តើមកាលពីខែមុន ហើយបានចូលរួមជាមួយកងកម្លាំងការពារទឹកដីដើម្បីការពារស្រុករបស់នាងនៅជាយក្រុង Kyiv ។
នាងLesia បាននិយាយថា នាងមិនបានឃើញដៃគូរបស់នាងលោក Valerii Fylymonov ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ី។ រហូតដល់ថ្ងៃអាទិត្យម្សិលមិញនៃ អ្នកទាំងពីរបានធ្វើការរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាជាផ្លូវការនៅលើផ្លូវខ្សែការពារជួរមុខ ក្នុងទីក្រុងកៀវ ។
ជាងនេះនាងបានរៀបរាប់ថា "វាជារឿងសោកសៅណាស់ចំពោះការឈ្លានពានរបស់រុស្ស៊ី ចំពោះពួកយើង ដែលគ្រួសាររបស់យើងមិនអាចនៅជាមួយគ្នាបាន" ។
នាងLesiaថា “ខ្ញុំសប្បាយចិត្តដែលពួកយើងនៅមានជីវិត ដែលថ្ងៃនេះចាប់ផ្តើម ប្តីរបស់ខ្ញុំនៅរស់ ហើយគាត់នៅជាមួយខ្ញុំ យើងសម្រេចចិត្ដរៀបការនៅក្នុងថ្ងៃនេះចំពោះមុខព្រះ ព្រោះយើងមិនដឹងថានឹងមានរឿងអ្វីកើតឡើងនោះឡើយសម្រាប់ពួកយើងនៅថ្ងៃស្អែក ប្រសិនជាអ្វីៗល្អប្រសើរ យើងសង្ឃឹមថាកូនរបស់យើងនឹងមានមោទនភាពចំពោះយើងជាក់ជាមិនខាន។
ជាងនេះយើងទាំងពីរនាក់មានការសប្បាយចិត្ដនិងភ្ញាក់ផ្អើលជាខ្លាំងដែលមេបញ្ជាការបានធ្វើការរៀបចំពិធីមង្គលការសម្រាប់ពួកយើងដោយមានការចូលរួមពីមិត្ដយោធាដទៃទៀត។ «យើងប្ដេជ្ញាថានឹងរុញខ្មាំងឱ្យដកថយក្រោយ និងដណ្ដើមយកទៅដីយើងមកវិញ ជ័យជម្នះនឹងកើតមានចំពោះយើង»។
អភិបាលក្រុង Kyiv លោក Vitali Klitschko និងប្អូនប្រុសរបស់គាត់គឺអ្នកប្រដាល់ Wladimir បានមកអបអរសាទរគូស្វាមីភរិយាថ្មីថ្មោងមួយគូរនេះផងដែរ។
ទន្ទឹមនឹងនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ការតស៊ូដែលកំពុងបន្តកំពុងធ្វើឱ្យរដ្ឋអ៊ុយក្រែនស្ថិតក្នុងគ្រោះថ្នាក់ ហើយបានប្រដូចការដាក់ទណ្ឌកម្មរបស់បស្ចិមលោកមកលើរុស្ស៊ីទៅនឹង "ការប្រកាសសង្រ្គាម"។ ប្រជាជនអ៊ុយក្រែនដែលត្រូវបានបង្ខំភៀសខ្លួនឱ្យចេញពីប្រទេសបានកើនឡើងដល់ 1.4 លាននាក់។
ប្រែសម្រួល៖ qi an