ប្រទេសរុស្ស៊ីបានប្រកាសបទឈប់បាញ់នៅក្នុងរដ្ឋធានី Kyiv របស់ប្រទេសអ៊ុយក្រែន និងទីក្រុងចំនួនបីផ្សេងទៀតគឺ Mariupol, Kharkiv និង Sumy កាលពីថ្ងៃចន្ទ។ បទឈប់បាញ់នឹងចូលជាធរមាននៅម៉ោង ១០ ព្រឹក ម៉ោងនៅទីក្រុងមូស្គូ ។ បទឈប់បាញ់ត្រូវបានប្រកាសដើម្បីអនុញ្ញាតឱ្យមានការជម្លៀសជនស៊ីវិលចេញពីទីក្រុងចំនួនបួន របស់អ៊ុយក្រែន។ កងទ័ពរុស្ស៊ីបានប្រកាសបើកច្រករបៀងមនុស្សធម៌ជាច្រើននៅអ៊ុយក្រែន។
កាលពីថ្ងៃសៅរ៍ រុស្ស៊ីបានប្រកាសបទឈប់បាញ់ខ្លីមួយនៅក្នុងទីក្រុង Mariupol និង Volnovakha ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលចាកចេញ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា "ថ្ងៃនេះ នៅថ្ងៃទី ៧ ខែមីនា វេលាម៉ោង ១០ ព្រឹក ម៉ោងនៅទីក្រុងមូស្គូ ភាគីរុស្ស៊ីបានប្រកាសបទឈប់បាញ់ និងបើកច្រករបៀងមនុស្សធម៌សម្រាប់ច្រកចេញរបស់ជនស៊ីវិលពីទីក្រុង Mariupol និង Volnovakha" នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី Sputnik ។
កាលពីថ្ងៃអាទិត្យ ប្រទេសរុស្ស៊ីបានប្រកាសថាច្រករបៀងមនុស្សធម៌សម្រាប់ការជម្លៀសជនស៊ីវិលពីទីក្រុង Mariupol និង Volnovakha របស់អ៊ុយក្រែននឹងត្រូវបានបើកឡើងវិញ។មន្ត្រីអ៊ុយក្រែនបាននិយាយថា ការបាញ់ផ្លោងបានបញ្ឈប់ភ្លាមៗ ដើម្បីធ្វើការជម្លៀសជនស៊ីវិល នៅប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសរុស្ស៊ីបានប្រកាសកិច្ចព្រមព្រៀងនេះ។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិលចំនួន 331 នាក់ត្រូវបានបញ្ជាក់ថាត្រូវបានសម្លាប់ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើម ប៉ុន្តែចំនួនពិតប្រាកដគឺប្រហែលជាច្រើនជាងនេះទៅទៀត។ មនុស្សជាង 1.4 លាននាក់បានភៀសខ្លួនចេញពីអ៊ុយក្រែន។
ប្រែសម្រួល៖ qi an
ប្រភព៖ CNN