ANTALYA៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ុយក្រែន បានទៅដល់ប្រទេសទួរគី សម្រាប់កិច្ចពិភាក្សាទល់មុខគ្នា ដែលគ្រោងធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនានេះ ក្នុងទំនាក់ទំនងកម្រិតខ្ពស់លើកដំបូងរវាងភាគីទាំងពីរ ចាប់តាំងពីទីក្រុងមូស្គូ បានឈ្លានពានប្រទេសអ៊ុយក្រែន។ មន្ត្រីមកពីទីក្រុង Kyiv និងទីក្រុងមូស្គូបានធ្វើការពិភាក្សាជាច្រើនលើកក្នុងប្រទេសបេឡារុស្ស ប៉ុន្តែកិច្ចប្រជុំនៅក្នុងទីក្រុង Antalya ភាគខាងត្បូងប្រទេសតួគី គឺជាលើកដំបូងហើយ ដែលរុស្ស៊ីបានធ្វើការបញ្ចូនរដ្ឋមន្ដ្រីរបស់ខ្លួនឱ្យមកពិភាក្សាអំពីវិបត្ដមួយនេះ ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានទៅដល់ទីក្រុង Antalya សម្រាប់កិច្ចពិភាក្សា "ស្តីពីរុស្ស៊ី បញ្ឈប់អរិភាព និងបញ្ចប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន" អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Oleg Nikolenko បាននិយាយនៅល្ងាចថ្ងៃពុធ។
មន្ត្រីទួរគីម្នាក់បានប្រាប់ AFP ថា សមភាគីរុស្ស៊ីគឺលោក Sergei Lavrov ក៏បានមកដល់សម្រាប់កិច្ចពិភាក្សាផងដែរ។
កិច្ចសន្ទនារវាងទីក្រុង Kyiv និងទីក្រុងមូស្គូរហូតមកដល់ពេលនេះ បានផ្តល់បទឈប់បាញ់ក្នុងស្រុកជាច្រើន និងធ្វើការបើកច្រករបៀងមនុស្សធម៌ ដើម្បីជម្លៀសអ្នកស្រុក ប៉ុន្តែអ៊ុយក្រែនបានចោទរុស្ស៊ីពីបទរំលោភលើកិច្ចព្រមព្រៀងទាំងនោះ ដោយនៅតែធ្វើការវាយប្រហារដដែលឥតឈប់ឈរ។
លោក Kuleba បានបញ្ជាក់នៅក្នុងវីដេអូហ្វេសប៊ុកថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសទួរគីសម្រាប់កិច្ចពិភាក្សា ប៉ុន្តែបាននិយាយថា ការរំពឹងទុករបស់លោកមានកម្រិត “ខណៈដែលរុស្ស៊ីបន្តយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ឃោរឃៅរបស់ខ្លួន និងការឡោមព័ទ្ធទីក្រុងធំៗ។ លោកបាននិយាយថា ជោគជ័យនៃការចរចានឹងអាស្រ័យលើ«ការស្ដាប់និងការណែនាំណាដែលលោក Lavrov ទទួលបញ្ជា» ពីវិមានក្រឹមឡាំងតែប៉ុណ្ណោះ ។
គាត់បាននិយាយថា "ខ្ញុំមិនដាក់ក្តីសង្ឃឹមដ៏អស្ចារ្យណាមួយលើពួកគេទេ ប៉ុន្តែយើងនឹងព្យាយាម និងសង្ឃឹមថានឹងទទួលបានច្រើនបំផុតពី" កិច្ចពិភាក្សាជាមួយនឹងការរៀបចំប្រកបដោយប្រសិទ្ធភាព។ កិច្ចចរចានេះ ត្រូវបានធ្វើឡើងនៅពេលដែលប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានជំរុញឱ្យទីក្រុងអង់ការ៉ាដើរតួជាអ្នកសម្រុះសម្រួល។
ប្រធានាធិបតីទួរគីលោក Erdogan បាននិយាយកាលពីថ្ងៃពុធថា "យើងកំពុងធ្វើការដើម្បីបញ្ឈប់វិបត្តិនេះពីការប្រែក្លាយនៃសោកនាដកម្មមួយនេះ " ដោយបាននិយាយថា «ខ្ញុំសង្ឃឹមថាជំនួបរវាងរដ្ឋមន្ត្រីនឹងបើកផ្លូវទៅរកបទឈប់បាញ់ជាអចិន្ត្រៃយ៍»។
រដ្ឋមន្ត្រីរុស្ស៊ីនិងអ៊ុយក្រែននឹងត្រូវចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ដោយរដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu ដោយក្នុងនោះមានសមាជិក ណាតូ ចូលរួមផងដែរនៅក្នុងកិច្ចចរចាមួយនោះ ក្នុងគោលបំណងរក្សាទំនាក់ទំនងឱ្យមានភាពរឹងមាំជាមួយនឹងភាគីទាំងពីរ បើទោះបីជាពួកគេស្ថិតនៅក្នុងជម្លោះក៏ដោយ។
នេះគឺជាដំណើរទៅក្រៅប្រទេសលើកដំបូងសម្រាប់លោក Lavrov ចាប់តាំងពីប្រទេសរុស្ស៊ីត្រូវបានលោកខាងលិចដាក់ឱ្យនៅឯកោជាមួយនឹងការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ដោយក្នុងនោះក៏បានកំណត់គោលដៅលើអ្នកការទូតកំពូលដែលកាន់តំណែងយូររបស់លោកប្រធានាធិបតី Vladimir Putin ផងដែរ។
Source: CNA