ក្រសួងការពារជាតិឥណ្ឌាបានសម្តែងការសោកស្តាយជាខ្លាំងកាលពីម្សិលមិញ (១១ មីនា) នៅពេលដែលយោធារបស់ខ្លួនបានបាញ់ដោយនូវកាំជ្រួចផ្លោងអន្តរទ្វីប ប៉ាលេស្ទីក ចូលទៅក្នុងប្រទេសប៉ាគីស្ថានដោយចៃដន្យ។ ដែលការបាញ់ផ្លោងនេះក៏ធ្លាប់បង្កជាសង្គ្រាមរវាងប្រទសប្រទេសឥណ្ឌា និងប៉ាគីស្ថានផងដែរ រហូតដល់ទៅ ៣ដង ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ 1947 ដែលជម្លោះចំនួន២ ត្រូវបានបង្កឡើងនៅក្នុងទឹកដីជម្លោះ Kashmir ដែលបារម្ភខ្លាចថាស្ថានការណ៍មួយនោះអាចឈានដល់“សង្គ្រាមនុយក្លេអ៊ែរ” ។
នេះបើតាមក្រសួងការពារជាតិឥណ្ឌាការបាញ់នូវម៉ីស៊ីលអន្ដរទ្វីបប៉ាលេស្ទីក ដែលបានធ្លាក់ចូលទៅក្នុងទឹកដីនៃព្រំដែនប្រទេសប៉ាគីស្ថាន គឺអាចបណ្ដាលមកពីបញ្ហាបច្ចេកទេសខាងយោធា ពេលកំពុងបាញ់សាកល្បង ដោយនិយាយថាខ្លួនពិតជាមានការសោកស្ដាយជាខ្លាំង ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយមិនមាននរណាម្នាក់បានរងគ្រោះថ្នាក់នៅក្នុងឧបទ្ទេវហេតុនៃការធ្លាក់ម៉ីស៊ីលមួយនោះឡើយ ។
ជាងនេះក្រសួងការពារជាតិឥណ្ឌាបានទទួលស្គាល់ថា ការធ្លាក់នូវម៉ីស៊ីលរបស់ខ្លួនពិតជាបានធ្លាក់ចូលក្នុងព្រំដែននៃប្រទេសប៉ាគីស្ថានពិតប្រាកដមែន។ សេចក្តីថ្លែងការណ៍បានកើតឡើងប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីក្រសួងការបរទេសប៉ាគីស្ថានបានចេញការថ្កោលទោសចំពោះប្រទេសឥណ្ឌា ដែលបានធ្វើការរំលោកបំពានទៅលើដែនអាកាសរបស់ខ្លួនក្នុងការបាញ់ម៉ីស៊ីលទាំងដែលខាងប្រទេសប៉ាគីស្ថានមិនបានទៅបង្ករឿងនោះឡើយ។
នេះបើតាមក្រសួងការបរទេសប៉ាគីស្ថាន ការចោទប្រកាន់នេះក៏បានកោះហៅឯកអគ្គរដ្ឋទូតរបស់ប្រទេសឥណ្ឌាឱ្យ "មកធ្វើការបកស្រាយឱ្យបានច្បាស់លាស់ជុំវិញឧប្បត្តិហេតុដែលខ្លួនបាននិយាយថាជា "ការបាញ់កាំជ្រួចម៉ីស៊ីលដោយមិនប្រុងប្រយ័ត្ន" បានបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ជនស៊ីវិល និងយន្តហោះនៅក្នុងដែនអាកាសប៉ាគីស្ថាន ខណៈពេលដែលចោទប្រកាន់ឥណ្ឌាថា "កំពុងតែធ្វើការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់"។
រដ្ឋាភិបាលក្រុងញូវដែលីបានពង្រាយទាហានជាង ៥០ ម៉ឺននាក់ទៅកាន់តំបន់កាស្មៀរ ដែលជាកន្លែងដែលពួកឧទ្ទាមបានប្រយុទ្ធអស់រយៈពេលជាច្រើនទសវត្សរ៍ដើម្បីប្រកាសឯករាជ្យនិងស្នើសុំការបញ្ចូលទឹកដីជាមួយប៉ាគីស្ថាន។ ប្រទេសឥណ្ឌាបានបន្ទោសរដ្ឋាភិបាលប៉ាគីស្ថានថាបានគាំទ្រក្រុមឧទ្ទាមទាំងនេះ ប៉ុន្តែទីក្រុងអ៊ីស្លាម៉ាបាដបានបដិសេធនូវការចោទប្រកាន់របស់ឥណ្ឌាមកលើខ្លួនក្នុងការគាំទ្រពួកឧទ្ទាម។